ការិយាល័យប្រធានាធិបតីស៊ីរី បានប្រាប់ឲ្យដឹងថា កងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF ) ដឹកនាំដោយក្រុមសកម្មប្រយុទ្ធឃឺដ និងគាំទ្រដោយសហរដ្ឋអាមេរិកដែលគ្រប់គ្រងភាគច្រើននៃភាគឦសាន ជាតំបន់សម្បូរប្រេងរបស់ស៊ីរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលទីក្រុងដាម៉ាស កាលពីថ្ងៃចន្ទ (ទី១០ ខែមីនា) ដើម្បីចូលរួមជាមួយស្ថាប័នរដ្ឋថ្មីរបស់ប្រទេសស៊ីរី។
រូបថតបានបង្ហាញឲ្យឃើញពីប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa និងមេបញ្ជាការរបស់ក្រុម SDF លោក Mazloum Abdi ចាប់ដៃគ្នានៅទីក្រុងដាម៉ាស បន្ទាប់ពីមានកិច្ចព្រមព្រៀងដែលអនុញ្ញាតឲ្យស្ថាប័នស៊ីវិល និងយោធាគ្រប់គ្រងដោយក្រុម SDF នៅភាគឦសានស៊ីរី ធ្វើសមាហរណកម្មជាមួយរដ្ឋ។

កិច្ចព្រមព្រៀងនេះបានកើតមានឡើង នៅក្នុងពេលវេលាដ៏សំខាន់ ខណៈដែលលោក Sharaa ជួបការលំបាកក្នុងការដោះស្រាយជាមួយនឹងផលប៉ះពាល់ពីការសម្លាប់រង្គាលនៃសមាជិកជនជាតិភាគតិច Alawite នៅភាគខាងលិចស៊ីរី ជាអំពើហិង្សាដែលលោកបាននិយាយកាលពីថ្ងៃទី១០ ខែមីនាថា បានគំរាមកំហែងដល់កិច្ចប្រឹងប្រែងរបស់លោក ក្នុងការបង្រួបបង្រួមប្រទេសស៊ីរី ក្រោយមានជម្លោះអស់រយៈពេល ១៤ឆ្នាំ។
កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១០ ខែមីនា អំពាវនាវឲ្យគ្រប់យ៉ាងដែលស្ថិតក្រោមគ្រប់គ្រងរបស់ក្រុម SDF ដូចជាច្រកព្រំដែន អាកាសយានដ្ឋាន ហើយនិងតំបន់ប្រេង និងឧស្ម័ន នៅភាគខាងកើតស៊ីរី ក្លាយជាផ្នែកមួយនៃរដ្ឋបាលក្រុងដាម៉ាស៕


