វិមានក្រឹមឡាំង នៅថ្ងៃអង្គារ (ទី១១ ខែមីនា) នេះ បានព្រមានប្រជាជនរុស្ស៊ីថា កុំមើលឃើញសកម្មភាពថ្មីៗ ចំពោះអ៊ុយក្រែន ដោយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ប្រកបដោយភាពសុទិដ្ឋិនិយមពេក។
អំឡុងពេលនិយាយនៅឯវិទ្យាល័យសេដ្ឋកិច្ចរបស់ទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានក្រើនរំលឹកប្រជាជនទាំងអស់កុំឲ្យមានក្ដីរំភើបរីករាយ ចំពោះការរំពឹងទុក ដែលថា លោក Elon Musk នឹងផ្តាច់យោធាអ៊ុយក្រែនចេញពីប្រព័ន្ធទំនាក់ទំនង Starlink របស់លោក ឬអំពីការសម្រេចរបស់លោក Trump កាលពីសប្តាហ៍មុន ក្នុងការផ្អាកផ្ដល់ជំនួយយោធាដល់ទីក្រុងគីវ។
លោក Peskov បានប្រាប់អ្នកចូលរួមថា៖ «កុំអាលប្រញាប់ប្រញាល់មានសុទិដ្ឋិនិយមពេក។ មែនហើយ ពួកយើងតែងតែត្រូវសង្ឃឹម ក្នុងការមាននូវអ្វីដែលល្អបំផុត ប៉ុន្តែក៏ត្រូវត្រៀមខ្លួន សម្រាប់អ្វីដែលអាក្រក់បំផុតដែរ។ ហើយយើងត្រូវតែត្រៀមខ្លួនជានិច្ច ដើម្បីការពារផលប្រយោជន៍របស់យើង»។
ជាមួយគ្នានេះ លោក Peskov បានចេញការព្រមានរបស់លោក ខណៈដែលមន្ត្រីអាមេរិកបានត្រៀមជួបជាមួយគណៈប្រតិភូអ៊ុយក្រែន នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត នាយប់ថ្ងៃអង្គារនេះ ជាផ្នែកក្នុងការកំណត់ថា តើអ៊ុយក្រែនមានឆន្ទៈធ្វើសម្បទានដ៏ធំឲ្យដល់រុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដែរ ឬទេ។
លោក Peskov បាននិយាយថា រុស្ស៊ីកំពុងសម្រេចបាននូវគោលបំណងរបស់ខ្លួន នៅសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ដោយមិនពាក់ព័ន្ធនឹងការសម្រេចពីអ្វីដែលសហរដ្ឋអាមេរិក កំពុងធ្វើនោះទេ។ លោកបានបញ្ជាក់ថា បរិមាណសព្វាវុធដែលកំពុងចរាចរនៅអ៊ុយក្រែន មានចំនួនច្រើនណាស់ដែលគ្រប់គ្រាន់ឲ្យទីក្រុងគីវបន្តប្រយុទ្ធអស់រយៈពេលជាច្រើនខែ បើទោះបីជាមានការផ្អាកបញ្ជូនពីសហរដ្ឋអាមេរិកក៏ដោយ៕