អ្នកស្រុកដែនដី Greenland កំពុងនាំគ្នាទៅបោះឆ្នោត នៅថ្ងៃអង្គារ (ទី១១ ខែមីនា) នេះ ជាការបោះឆ្នោតដែលត្រូវបានតាមមើលយ៉ាងដិតដល់ ព្រោះទទួលបានការចាប់អារម្មណ៍ជាអន្តរជាតិ ដោយសារមានការសន្យាពីប្រធានាធិបតីអាមេរិក លោក Donald Trump ដែលចង់គ្រប់គ្រងកោះសម្បូរទៅដោយធនធានរ៉ែមួយនេះ។
ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករា លោក Trump បានប្តេជ្ញាធ្វើឲ្យកោះ Greenland ដែលជាដែនដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក ក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក ដោយនិយាយថា វាមានសារៈសំខាន់ ចំពោះផលប្រយោជន៍សន្តិសុខរបស់សហរដ្ឋអាមេរិក។
កោះដែលមានប្រជាជនត្រឹមតែ ៥៧.០០០នាក់ ត្រូវបានធ្លាក់ចូលទៅក្នុងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ដោយសារភាពលេចធ្លោ នៅតំបន់អាកទិក ជាកន្លែងដែលផ្ទាំងទឹកកករលាយ កំពុងធ្វើឲ្យធនធានរបស់វាកាន់តែងាយស្រួលរុករក និងបើកផ្លូវដឹកជញ្ជូនថ្មី។ ទាំងរុស្ស៊ី និងចិន សុទ្ធតែបានបង្កើនសកម្មភាពយោធា នៅក្នុងតំបន់នេះ។

Greenland ដែលជាអតីតដែនដីក្រោមអាណានិគម និងជាដែនដីរបស់ដាណឺម៉ាក តាំងពីឆ្នាំ១៩៥៣ មានទំហំធំជាងរដ្ឋ Texas ៣ដង។ នៅក្នុងឆ្នាំ២០០៩ កោះទទួលបានសិទ្ធិប្រកាសឯករាជ្យពេញលេញ តាមរយៈការធ្វើប្រជាមតិ តែមិនបានធ្វើដូច្នេះនោះទេ ដោយសារការព្រួយបារម្ភ អំពីកម្រិតជីវភាពដែលនឹងធ្លាក់ចុះ ប្រសិនបើគ្មានការគាំទ្រផ្នែកសេដ្ឋកិច្ចពីដាណឺម៉ាក។
ការិយាល័យបោះឆ្នោត បើកនៅវេលាម៉ោង ១១ ម៉ោងកសល និងបិទ នៅម៉ោង ២២ ម៉ោងសកល។ លទ្ធផលចុងក្រោយ ត្រូវបានរំពឹងថា នឹងបានដឹងនៅថ្ងៃពុធ ចន្លោះម៉ោង ១ ម៉ោងសកលនិងម៉ោង ៣ ម៉ោងសកល។ មិនមានការរំពឹងទុកពីការស្ទង់មតិ ឬការស្ទង់មតិភ្លាមៗ ចំពោះអ្នកចេញពីការិយាល័យបោះឆ្នោតនោះឡើយ។
ការស្ទង់មតិ កាលពីខែមករា បានបង្ហាញថា អ្នកស្រុកភាគច្រើននៃដែនដី Greenland គាំទ្រឯករាជ្យ ប៉ុន្តែមានការខ្វែងគំនិតគ្នា ជុំវិញពេលវេលា និងផលប៉ះពាល់ដែលអាចកើតមានលើកម្រិតជីវភាពរស់នៅ៕

