បន្ទាប់ពីលោក Jens Stoltenberg ឆ្លើយសំណួរនៅក្នុងសម័យប្រជុំធម្មតា ក្នុងសភាន័រវែស ការភ្ញាក់ផ្អើលនៅខាងក្រៅសភា គឺខុសពីប្រក្រតី។
ជាម្នាក់ ក្នុងចំណោមឥស្សរជនដ៏លេចធ្លោបំផុតជាអន្តរជាតិរបស់ប្រទេសន័រវែស និងជារឿយៗត្រូវបានគេស្គាល់ ដោយឈ្មោះផ្ទាល់ខ្លួនរបស់លោក នៅប្រទេសកំណើត ឥទ្ធិពលរបស់លោក Stoltenberg លើនយោបាយ គឺមានភ្លាមៗ ចាប់តាំងពីការវិលត្រលប់មកកាន់ឆាកនយោបាយក្នុងស្រុកវិញ បន្ទាប់ពីបានដឹកនាំសម្ព័ន្ធភាពយោធា ឬអង្គការណាតូ (NATO) អស់រយៈពេល ១ទសវត្សរ៍។
គណបក្សការងាររបស់លោក ទទួលបាន ១០ពិន្ទុ នៅក្នុងការស្ទង់មតិ រយៈពេលប៉ុន្មានថ្ងៃនេះ បន្ទាប់ពីមានការតែងតាំងរូបលោកជារដ្ឋមន្ត្រីហិរញ្ញវត្ថុ នៅថ្ងៃទី៤ ខែកុម្ភៈ ដែលមានន័យថា វាអាចបញ្ចប់ជាមួយនឹងការទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោតរបស់ប្រទេស ក្នុងខែកញ្ញា ជាការរំពឹងទុកដែលមិននឹកស្មានដល់ កាលពីប៉ុន្មានសប្តាហ៍មុន ដោយអ្នកបោះឆ្នោតមិនពេញចិត្ត ចំពោះការចំណាយខ្ពស់នូវតម្លៃនៃការរស់នៅ។
បុរសវ័យ ៦៥ឆ្នាំដែលកើតនៅទីក្រុងអូស្លូ គឺជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ ២០០០-២០០១ និង ២០០៥-២០១៣។ លោកនិយាយថា លោកមិនស្វែងរកតំណែងនាយករដ្ឋមន្ត្រីម្តងទៀតនោះទេ ដែលបច្ចុប្បន្នតំណែងនេះត្រូវបានគ្រប់គ្រងដោយមិត្ត និងសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក គឺលោក Jonas Gahr Stoere ។ ប្រព័ន្ធផ្សព្វផ្សាយន័រវែសបានដាក់ចំណងជើង ចំពោះវិលការត្រលប់មកវិញរបស់លោកថា «Stoltenback»។
គួររំលឹកថា លោក Stoltenberg បានដឹកនាំប្រទេសឆ្លងកាត់រយៈពេលដ៏សោកសៅ បន្ទាប់ពីជនស្តាំនិយមជ្រុលឈ្មោះ Anders Behring Breivik បានសម្លាប់មនុស្សចំនួន ៧៧នាក់ នៅក្នុងការវាយប្រហារចំនួន ២ នៅទីក្រុង Oslo និង Utoeya ដែលជាអំពើហិង្សាអាក្រក់បំផុតក្នុងប្រទេសន័រវែស គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ មក៕