លោក Andrei Vorobyov គឺជាអភិបាលតំបន់ម៉ូស្គូ និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramរបស់លោកថា មនុស្ស ២នាក់ បានស្លាប់នៅព្រឹកទាបភ្លឺថ្ងៃអង្គារនេះ នៅក្នុងការវាយប្រហារយានដ្រូនរបស់អ៊ុយក្រែនលើទីក្រុងម៉ូស្គូ ។
ក្រុមមន្រ្តីរុស្ស៊ី និយាយថា អ៊ុយក្រែនបានបើកការវាយប្រហារយានដ្រូនទ្រង់ទ្រាយធំបំផុតរបស់ខ្លួនលើរដ្ឋធានីរបស់រុស្ស៊ីនៅថ្ងៃអង្គារនេះ ក្នុងនោះយានដ្រូន ៩១គ្រឿង មានគោលដៅតំបន់ម៉ូស្គូ បង្កឲ្យកើតមានអគ្គិភ័យ បិទអាកាសយានដ្ឋាន និងបង្ខំឲ្យជើងហោះហើររាប់សិបវ៉ុលបង្វែរទិសដៅរបស់ខ្លួន ។
ក្រសួងការពារជាតិរុស្ស៊ី និយាយថា យានដ្រូនអ៊ុយក្រែនសរុប ៣៣៧គ្រឿង ត្រូវបានបាញ់ទម្លាក់នៅរុស្ស៊ី រួមទាំងយានដ្រូន ៩១គ្រឿងហោះលើតំបន់ម៉ូស្គូ និងយានដ្រូន ១២៦គ្រឿងហោះលើតំបន់ Kursk ជាទីដែលទាហានអ៊ុយក្រែន បានដកទ័ពចេញវិញ ។
ការវាយប្រហារនៅពេលព្រឹកព្រលឹមទ្រង់ទ្រាយធំនេះដែរ បានកើតមាន ខណៈក្រុមមន្រ្តីអ៊ុយក្រែនត្រៀមជួបជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិកនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដើម្បីស្វែងរកគ្រឹះសម្រាប់កិច្ចប្រជុំសន្តិភាពនៅក្នុងសង្រ្គាមរយៈពេល ៣ឆ្នាំកន្លងមកនេះ និងស្របពេលដែលកងកម្លាំងរុស្ស៊ី ព្យាយាមឡោមព័ទ្ធទាហានអ៊ុយក្រែនរាប់ពាន់នាក់នៅតំបន់ភាគខាងលិច Kursk របស់រុស្ស៊ី ៕