ស្របពេលដែលការដាច់ចរន្តអគ្គិសនីក្នុងទីក្រុង Rafah ស្ថិតនៅភាគខាងត្បូងតំបន់ហ្កាហ្សាស្រ្ទីប នៅតែបន្ត ជនប៉ាឡេស្ទីននាំគ្នាជួបជុំគ្នាជុំវិញភ្នក់ភ្លើង ដើម្បីធ្វើឲ្យពួកគេកក់ក្តៅ គឺជាស្ថានភាពមួយដែលពួកគេនិយាយថា ពួកគេបានសម្របខ្លួន ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីខែតុលា ឆ្នាំ ២០២៣មកម្ល៉េះ ។ ពួកគេនិយាយថា ពួកគេប្រឈមការលំបាកខ្លាំង ដោយសារកង្វះខាតទឹកស្អាត និងចរន្តអគ្គិសនី ។
លោក Walid Abu Al-Nada គឺជាជនប៉ាឡេស្ទីនមួយរូបដែលរៀបរាប់ពីវិធីដែលអ្នកស្រុកសម្របខ្លួនបាន ជាមួយនឹងការប្រើប្រាស់អាគុយ ពិល ភ្លើងទៀន ឬអ្វីៗជាច្រើនផ្សេងទៀត ដើម្បីអាចរស់រានបាននោះ និយាយថា ចាប់តាំងពីថ្ងៃដំបូងនៃសង្រ្គាម រហូតមកដល់ថ្ងៃនេះ ពួកយើងគ្មានអគ្គិសនីប្រើប្រាស់នោះទេ ។ វាមានរយៈពេល ១ឆ្នាំកន្លះកាលហើយដែលពួកយើងគ្មានអគ្គិសនីប្រើប្រាស់ ។
ស្របពេលដែលបទឈប់បាញ់ប្រកាសកាលពីខែមករា បានធ្វើឲ្យពលរដ្ឋហ្កាហ្សាធូរស្រាយបានខ្លះ ធានាដល់លំហូរជំនួយមនុស្សធម៌រួមទាំងប្រេងត្រូវការដើម្បីផ្តល់ថាមពលដល់ស្ថានីយ៍អគ្គិសនី និងរោងចក្របន្សុតទឹក ការសម្រេចចិត្តកាលពីពេលថ្មីៗប្រកាសឡើងដោយរដ្ឋមន្រ្តីថាមពលអ៊ីស្រាអែលលោក Eli Cohen ណែនាំឲ្យសារជីវកម្មអគ្គិសនីអ៊ីស្រាអែល មិនត្រូវលក់អគ្គិសនីដល់តំបន់ហ្កាហ្សានោះ បានធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ខ្លាំងនៅក្នុងដែនដីបិទច្រកមួយនេះ ។
លោក Cohen បានចាត់ទុកការសម្រេចចិត្តនេះថា ជាមធ្យោបាយដាក់សំពាធឲ្យក្រុមហាម៉ាស់ឲ្យដោះលែងចំណាប់ថ្នូរ ។
ចំណែកឯការផ្អាកទំនិញចូលតំបន់ហ្កាហ្សាដែលអ៊ីស្រាអែលនិយាយថា មានគោលដៅដាក់សំពាធលើក្រុមជីវពលហាម៉ាស់នៅក្នុងកិច្ចប្រជុំបទឈប់បាញ់ដែរនោះ បានដាក់លើការនាំចូលស្បៀងអាហារ ឱសថ និងប្រេង ។
ទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនអង្គការសហប្រជាជាតិ(UNRWA)និយាយថា ការសម្រេចចិត្តបញ្ឈប់ជំនួយ នឹងគំរាមកំហែងដល់អាយុជីវិតជនស៊ីវិល ដែលរងទុក្ខវេទនាដោយសារសង្រ្គាមដ៏ឃោឃៅរយៈពេល ១៧ខែកន្លងមកនេះ ។ ពួកគេបន្តថា ភាគច្រើននៃពលរដ្ឋហ្កាហ្សា ២,៣លាននាក់ ពឹងផ្អែកទាំងស្រុងលើជំនួយពីខាងក្រៅ ៕