រថភ្លើងដឹកអ្នកដំណើររាប់រយនាក់ ត្រូវបានវាយប្រហារ និងបញ្ឈប់ដោយក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ នៅក្នុងតំបន់ Balochistan របស់ប្រទេសប៉ាគីស្ថាន។
កងទ័ពរំដោះ Baloch បានអះអាងថា ខ្លួនបានវាយប្រហារលើរថភ្លើង Jaffar Express ដែលកំពុងធ្វើដំណើរពីទីក្រុង Quetta ទៅទីក្រុង Rawalpindi។ ហើយក្រុមសកម្មប្រយុទ្ធនេះក៏បានបញ្ជាក់ដែរថា រថភ្លើងដែលមានអ្នកដំណើរប្រមាណ ៤០០នាក់នេះ កំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។
នគរបាលប៉ាគីស្ថានបានប្រាប់អ្នកសារព័ត៌មានក្នុងស្រុកថា ពួកគេបានទទួលព័ត៌មានថា មនុស្ស ៣នាក់ ក្នុងនោះរួមទាំងអ្នកបើកបររថភ្លើងផងដែរ បានរងរបួសនៅក្នុងការវាយប្រហារនេះ។ នគរបាល បានបន្ថែមថា កងកម្លាំងសន្តិសុខត្រូវបានបញ្ជូនទៅកាន់កន្លែងដែលមានការវាយប្រហារនេះ។
មន្ត្រីរដ្ឋបាលខេត្ត ឬផ្លូវរថភ្លើង មិនបានបញ្ជាក់ពីការចាប់ចំណាប់ខ្មាំងនោះឡើយ។ អ្នកនាំពាក្យរដ្ឋាភិបាល លោក Shahid Rind បានប្រាប់ថា រដ្ឋបាលតំបន់ Balochistan បានដាក់ចេញវិធានការគ្រាអាសន្ន ហើយស្ថាប័នទាំងអស់ត្រូវបានប្រមូលផ្តុំ ដើម្បីដោះស្រាយស្ថានការណ៍នេះ៕