ភ្នំពេញ ៖ អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ស្នើដល់គណៈប្រតិភូចិន ពិនិត្យលទ្ធភាពវិនិយោគក្នុងខ្សែច្រវាក់តម្លៃ ក្នុង ឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា និងការបណ្តាក់ទុនវិនិយោគក្នុងវិស័យកសិកម្មផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេសស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។
ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នេះ ទទួលជួបគណៈ ប្រតិភូវិនិយោគចិនចំនួន ១៩ ក្រុមហ៊ុន ដឹកនាំដោយលោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នក វិនិយោគវ័យក្មេង នៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង សាធារណរដ្ឋប្រជាមានិតចិន ក្រោមការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគម ស្បែកជើងកម្ពុជា។ ក្រុមហ៊ុនទាំង១៩ នេះ មានសកម្មភាពវិនិយោគក្នុងវិស័យកសិកម្ម, សុខាភិបាល, សំណង់ និងអចលនទ្រព្យ, បច្ចេកវិទ្យា, ថាមពល, បោះពុម្ពនិងវេចខ្ចប់, ម្ហូបអាហារ, សណ្ឋាគារ និងបដិសណ្ឋារកិច្ច, ការគ្រប់គ្រងធុរកិច្ច, ការផ្តល់សេវាប្រឹក្សា ផ្នែកច្បាប់, លក់និងសេវាថែទាំរថយន្ត, និងការបណ្តុះបណ្តាលវិជ្ជាជីវៈ មានសមាជិកសរុបចំនួនប្រមាណ ១.៥០០ សហគ្រាស ដោយមានអាជីវកម្មក្នុងវិស័យផ្សេងៗពីគ្នា។
ឯកឧត្តមអគ្គលេខាធិការ បានលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជានិងចិន ដោយរដ្ឋាភិបាលចិន តែងតែជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ ចំណែកក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងការជំរុញការ វិនិយោគ ថ្មីៗនេះកម្ពុជានិងចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួនដូចជា “ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា” “ច្រករបៀងមច្ឆានិងអង្ករ”និង "ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល"ជាដើម។
ឯកឧត្តមអគ្គលេខាធិការ ក៏បានគូសបញ្ជាក់ពីស្ថានភាពវិនិយោគនៅកម្ពុជា ដែលមានកំណើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ប្រភពទុនវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយ នេះ, ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណ ៥០% នៃទុនវិនិយោគសរុប។ ឯកឧត្តមអគ្គលេខាធិការ ក៏បានលើកឡើងពីការលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល ជាពិសេសគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទី នៅកម្ពុជា ក្រោមគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការបង្កើតសួនឧស្សាហកម្ម ស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផល នៃបរិយាកាសធុរកិច្ចក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។
ជាការឆ្លើយតប លោក Liu Yong បានបង្ហាញនូវចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ដែលមាន ស្រាប់ ដើម្បីធ្វើការនាំចេញ ជាក់ស្តែងនាពេលកន្លងមកនេះ លោកក៏បានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ប៉ុន្តែ មិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់នៅឡើយ ចំណែកតាមរយៈនៃជំនួបនេះ លោកសង្ឃឹមថា នឹងទទួលបានប្រភពកាន់តែច្បាស់លាស់ ក្នុងនោះ គណៈប្រតិភូដទៃទៀត ក៏បានធ្វើការណែនាំពីសាវតាររបស់ក្រុមហ៊ុននីមួយៗ និងបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ ចំពោះការមក បណ្តាក់ទុនវិនិយោគនៅកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី







