នគរបាល និងក្រុមបះបោរ បាននិយាយថា ពួកសកម្មប្រយុទ្ធបំបែកខ្លួនបានបំផ្ទុះផ្លូវរថភ្លើង និងបើកការបាញ់ប្រហារលើរថភ្លើងដឹកអ្នកដំណើរនៅភាគនិរតីប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ ១១ មីនាសប្ដាហ៍នេះ សម្លាប់មនុស្ស១០នាក់ និងចាប់ខ្លួនមនុស្សជាច្រើនជាចំណាប់ខ្មាំង និងប្រយុទ្ធជាមួយកងកម្លាំងសន្តិសុខ ដែលកំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះ។

ក្រុមសាច់ញ្ញាតិបានប្រមូលផ្ដុំគ្នាយ៉ាងអន្ទះសារនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Quettaកាលពីថ្ងៃអង្គាររង់ចាំព័ត៌មានពីមនុស្សជាទីស្រឡាញ់របស់ពួកគេ។
នគរបាលពុំបានបញ្ជាក់ចំនួនអ្នកដំណើរប៉ុន្មានរយនាក់ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅតំបន់ភ្នំដាច់ស្រយាលនោះទេ ប៉ុន្តែក្រុមបះបោរបាននិយាយថា ពួកគេកំពុងឃុំខ្លួនមនុស្សចំនួន ២១៤ នាក់ ហើយបានគំរាមចាប់ផ្តើមសម្លាប់ពួកគេ។

មន្ត្រីនគរបាលជាន់ខ្ពស់ក្នុងស្រុក Rana Dilawar បាននិយាយថា រថភ្លើងដែលរងការវាយប្រហារនៅតែស្ថិតក្នុងកន្លែង ហើយក្រុមបុរសប្រដាប់អាវុធ កំពុងឃុំឃាំងអ្នកដំណើរ ។
លោកបាននិយាយថា កម្លាំងសន្តិសុខបានបើកប្រតិបត្តិការដ៏ធំ ដោយបន្ថែមថាឧទ្ធម្ភាគចក្រ និងកងកម្លាំងពិសេស ត្រូវបានដាក់ពង្រាយ។
ក្រុមអាជ្ញាធរមូលដ្ឋាន នគរបាល និងមន្ត្រីផ្លូវដែក បាននិយាយថា រថភ្លើងបានជាប់ក្នុងផ្លូវក្រោមដី ហើយអ្នកបើកបរបានស្លាប់ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរ។
កងទ័ពរំដោះ Baloch ដែលជាក្រុមសកម្មប្រយុទ្ធផ្តាច់ខ្លួនបាននិយាយថា ខ្លួនបានបំផ្ទុះផ្លូវរថភ្លើង ហើយ "បានគ្រប់គ្រងរថភ្លើងភ្លាមៗ" ។ ក្រុមនេះបាននិយាយថាខ្លួននឹងប្រហារជីវិតមនុស្ស១០នាក់ជាការឆ្លើយតបចំពោះប្រតិបត្តិការយោធាដែលកំពុងបន្ត៕