អតីតមេដឹកនាំហ្វីលីពីន លោក Rodrigo Duterte ត្រូវបានបញ្ជូនទៅទីក្រុងឡាអេ របស់ហូឡង់ កាលពីថ្ងៃអង្គារ (១១ មីនា) ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកត្រូវចាប់ខ្លួននៅទីក្រុងម៉ានីល តាមសំណើរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ខ្លួនលើករណី "សង្គ្រាមប្រឆាំងគ្រឿងញៀន" ដែលកំណត់អាណត្តិប្រធានាធិបតីរបស់លោក។

លោក Duterte អតីតអភិបាលក្រុង និងជាអតីតរដ្ឋអាជ្ញា ដែលបានដឹកនាំហ្វីលីពីនពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២២ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ ដែលជាជំហានដ៏ធំបំផុតនៅក្នុងការស៊ើបអង្កេតរបស់ ICC លើបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ អំឡុងការបង្ក្រាបប្រឆាំងគ្រឿងញៀន ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងទាក់ទាញការថ្កោលទោសជុំវិញពិភពលោក។

លោក Duterte វ័យ ៧៩ឆ្នាំ អាចនឹងក្លាយជាអតីតប្រមុខរដ្ឋអាស៊ីដំបូងគេ ដែលត្រូវឡើងសវនាការនៅ ICC។ ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានប្រាប់សន្និសីទសារព័ត៌មានថា "យន្តហោះកំពុងធ្វើដំណើរទៅកាន់ទីក្រុងឡាអេ ប្រទេសហូឡង់ ដែលអនុញ្ញាតឱ្យអតីតប្រធានាធិបតីរូបនេះប្រឈមនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ទាក់ទងនឹងសង្គ្រាមដ៏បង្ហូរឈាមរបស់លោកលើគ្រឿងញៀន"។
លោក Duterte បានទទូចជាយូរមកហើយថា លោកបានណែនាំនគរបាលឱ្យតដៃតែក្នុងករណីដើម្បីការពារខ្លួនប៉ុណ្ណោះ ហើយតែងតែការពារការបង្រ្កាបនោះ ដោយប្រាប់អ្នកគាំទ្រម្តងហើយម្តងទៀតថា លោកត្រៀមខ្លួនរួចជាស្រេចដើម្បី "ជាប់ពន្ធនាគារ" ប្រសិនបើនោះមានន័យថាអាចកម្ចាត់គ្រឿងញៀនខុសច្បាប់ចេញពីហ្វីលីពីនបាន។
តុលាការ ICC កាលពីថ្ងៃអង្គារ បាននិយាយថា លោក Duterte ត្រូវចោទពីបទព្រហ្មទណ្ឌសម្លាប់មនុស្សជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌចំពោះបទចោទប្រកាន់ថា លោកបានសម្លាប់មនុស្សជាច្រើននាក់នៅចន្លោះឆ្នាំ២០១១ និង២០១៩៕