សកម្មភាពសមយុទ្ធយោធាកងទ័ពជើងទឹករួមគ្នារវាងប្រទេសចិន អ៊ីរ៉ង់ និងរុស្ស៊ី បានឈានចូលដល់ថ្ងៃទី២ កាលពីថ្ងៃអង្គារសប្ដាហ៍នេះ នៅមជ្ឈិមបូព៌ាជាការបង្ហាញកម្លាំងក្នុងតំបន់ ដែលនៅតែមិនសប្បាយចិត្តចំពោះកម្មវិធីនុយក្លេអ៊ែរកំពុងពង្រីកយ៉ាងឆាប់រហ័សរបស់ទីក្រុងតេអេរ៉ង់ និងខណៈក្រុមឧទ្ទាមហួទីរបស់យេម៉ែន គំរាមវាយប្រហារថ្មីលើនាវានានា។

សមយុទ្ធរួមគ្នាដែលហៅថាខ្សែក្រវាត់សុវត្ថិភាពដែនសមុទ្រឆ្នាំ២០២៥ បានធ្វើឡើងនៅឈូងសមុទ្រអូម៉ង់ ក្បែរច្រកសមុទ្រយុទ្ធសាស្ត្រ Hormuz ជាមាត់ច្រកតូចចង្អៀតនៃឈូងសមុទ្រពែក្ស ដែលមួយភាគប្រាំនៃប្រេងឆៅត្រូវបានជួញដូរទូទាំងពិភពលោកឆ្លងកាត់ច្រកនេះ។

តំបន់ជុំវិញច្រកសមុទ្រនាពេលកន្លងមក បានមើលឃើញអ៊ីរ៉ង់រឹបអូសនាវាពាណិជ្ជកម្ម និងបើកការវាយប្រហារ ដែលគេសង្ស័យថា ចាប់តាំងពីប្រធានាធិបតី Donald Trump បានដកអាមេរិកជាឯកតោភាគីចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ជាមួយមហាអំណាចពិភពលោក។

សមយុទ្ធនេះគឺជាសកម្មភាពយោធារួមគ្នាឆ្នាំទីប្រាំ ដែលប្រទេសទាំងបី បានចូលរួមក្នុងសមយុទ្ធនេះ។នៅពេលអ្នកសារព័ត៌មានបានសួរលោកTrump ចំពោះសកម្មភាពយោធារបស់ប្រទេសទាំង៣ លោកបានឆ្លើយថា លោកមិនបារម្ភទាល់តែសោះព្រោះថាអាមេរិកមានកម្លាំងយោធាធំជាងប្រទេសទាំង៣។
សមយុទ្ធនៅឆ្នាំនេះទំនងជាបង្កឱ្យមានការព្រមានមួយកាលពីល្ងាចថ្ងៃចន្ទពីមជ្ឈមណ្ឌលប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេស ដែលបាននិយាយថាមានការរារាំងប្រព័ន្ធ GPS នៅក្នុងច្រកសមុទ្រ ដោយមានការរំខានរយៈពេលជាច្រើនម៉ោង។លោកShaun Robertson អ្នកវិភាគព័ត៌មានចារកម្មនៅក្រុមហ៊ុនគ្រប់គ្រងសន្តិសុខ EOS Risk Group នៅអង់គ្លេសសរសេរថានេះទំនងជាការរារាំងGPS ដើម្បីកាត់បន្ថយសមត្ថភាពកំណត់គោលដៅរបស់យានដ្រូន និងមីស៊ីល។យ៉ាងណាក៏ដោយការជ្រៀតជ្រែកនៃប្រព័ន្ធរុករកអេឡិចត្រូនិកត្រូវបានរាយការណ៍ក្នុងតំបន់នេះកាលពីកន្លងទៅអំឡុងភាពតានតឹង និងសមយុទ្ធយោធាផ្សេងៗ៕