លោកប្រធានាធិបតីអាមេរិក Donald Trump កាលពីរសៀលថ្ងៃអង្គារ (១១ មីនា) បានទម្លាក់ចោលវិញនូវការសន្យារបស់ខ្លួនដែលថានឹងដំឡើងពន្ធទ្វេដងលើដែកថែប និងអាលុយមីញ៉ូមពីកាណាដាដល់តួលេខ ៥០% ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីការប្រកាសពន្ធដ៏ខ្ពស់នេះ នៅក្នុងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលធ្វើឱ្យទីផ្សារហិរញ្ញវត្ថុច្របូកច្របល់។ សកម្មភាពនេះបានកើតឡើងបន្ទាប់ពីមន្ត្រីកាណាដា ក៏បានដកថយពីផែនការផ្ទាល់ខ្លួនសម្រាប់ការគិតថ្លៃបន្ថែម ២៥% លើអគ្គិសនី។

ជំហានចុងក្រោយបំផុតរបស់លោក Trump ដែលបានវាយលុកទីផ្សារហិរញ្ញវត្ថុ និងបង្កការភ័យខ្លាចនៃអតិផរណាឡើងវិញនោះ បានធ្វើឡើងបន្ទាប់ពីការប្រកាសរបស់ប្រមុខខេត្ត Ontario លោក Doug Ford ដែលថាលោកនឹងដំឡើងថ្លៃ ២៥% នៃការផ្គត់ផ្គង់អគ្គិសនីរបស់ខេត្តដែលមានប្រជាជនច្រើនបំផុតរបស់កាណាដាមួយនេះ ទៅដល់លំនៅឋានជាង ១លានគ្រួសាររបស់អាមេរិក លុះត្រាតែលោក Trump ទម្លាក់ការគំរាមពន្ធទាំងអស់របស់លោកប្រឆាំងនឹងការនាំចេញរបស់កាណាដា ទៅកាន់អាមេរិក។

បន្ទាប់ពីលោក Trump គំរាមដំឡើងពន្ធដល់ ៥០% លោក Ford ក៏បានយល់ព្រមផ្អាកការយកថ្លៃបន្ថែមនោះ ហើយនឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក លោក Howard Lutnick ក្នុងទីក្រុងវ៉ាស៊ីនតោន នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

ក្រោយមក សេតវិមានប្រកាសថា ការដំឡើងពន្ធ ២៥% ដែលគ្រោងទុកពីមុន លើផលិតផលដែកថែប និងអាលុយមីញ៉ូម ពីប្រទេសជិតខាងភាគខាងជើងរបស់អាមេរិក និងប្រទេសផ្សេងទៀតទាំងអស់ នឹងចូលជាធរមាននៅថ្ងៃពុធ ១២ មីនា នេះ ដោយពុំមានករណីលើកលែង ឬបន្ធូរបន្ថយឡើយ៕