ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលលួចកាច់សោរ.កម៉ូតូ មួយគ្រឿងមិនសម្រេច ត្រូវប្រជាពលរដ្ឋដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១២ និង០០នាទីថ្ងៃត្រង់ ថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះ អ៊ុ ស្រី អាយុជាង៥០ឆ្នាំ ស្នាក់នៅម្តុំទីតាំងកើតហេតុ មានស្រុកកំណើតក្នុងខេត្តកណ្តាល។ ជនសង្ស័យ មានឈ្មោះ សំ ញ៉ាញ់ ភេទប្រុសអាយុ២៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្នុងភូមិសាមគ្គីសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះជាម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រឹមសង់សេ១២៥ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ 1FP-2668 ទុកចោលនៅចិញ្ចើមផ្លូវ ខណៈពេលនោះ ជនរងគ្រោះបានចុះទៅបត់ជើងតូច ស្រាប់តែពេលនោះ ក៏លេចមុខជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួកម្នាក់ បានមកធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូ តែមិនបានសម្រេច ក៏ត្រូវជនរងគ្រោះឃើញទាន់ស្រែកផ្អើលឆាឡោថា ចោរៗ ភ្លាមៗនោះ ប្រជាពលរដ្ឋនាំគ្នាដេញតាមចាប់ឃាត់បានម្នាក់ រឺឯម្នាក់ទៀតបានរត់គេចខ្លួន។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ដើម្បីធ្វើការសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕
អត្ថបទ៖ កុម្ភះ



