ក្រសួងពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នឹងរៀបចំ “ពិព័រណ៍ផលិតផលខ្មែរ» ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមប្រធានបទ ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅបរិវេណមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
នៅក្នុងសេចក្តីជូនដំណឹង ចេញផ្សាយនៅព្រឹកថ្ងៃទី១២ ខែមីនានេះ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងទៀតថា ការរៀបចំព្រឹត្តិការណ៍ពិព័រណ៍នេះឡើង ក្នុងគោលបំណង ដើម្បីចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណៃខ្មែរ។ ព្រឹត្តិការណ៍នេះជាឱកាសដែលប្រជាពលរដ្ឋខ្មែរទូទៅទាំងអស់ បានជួបជុំគ្នាក្នុងនាមជាមហាគ្រួសារខ្មែរ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។ ព្រឹត្តិការណ៍នេះ បានក្លាយទៅជាវេទិកាចែករំលែកបទពិសោធន៍ របស់មនុស្សជំនាន់មុន និងយុវជនជំនាន់ក្រោយ ហើយក៏បានប្រែក្លាយទៅជាយន្តការអភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ប្រពៃណីខ្មែរផងដែរ។
ក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់ពាណិជ្ជករ និងសាធារណជនទូទៅ ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមដាក់តាំងបង្ហាញ លក់ផលិតផលឬសេវាកម្ម និងស្វែងរកដៃគូពាណិជ្ជកម្ម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើនេះ អាចទំនាក់ទំនងមកបំពេញបែបបទចូលរួម តាមរយៈនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម យ៉ាងយូរបំផុតត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ ២០២៥៕ អត្ថបទ៖ ឈិត បូរ៉ាវី

