ភាពតានតឹង បានកើនឡើងទៅជាអំពើហិង្សាកាលពីថ្ងៃអង្គារ ខណៈអ្នកនេសាទជាប្រពៃណី បានប៉ះទង្គិចជាមួយនគបាលនៅខាងក្រៅសភាប្រទេសឈីលីក្នុងទីក្រុង Valparaiso ដោយតវ៉ាទៅនឹងសេចក្តីស្នើច្បាប់បែងចែកកូតានេសាទឡើងវិញ រវាងប្រតិបត្តិការនេសាទជាប្រពៃណី និងឧស្សាហកម្ម។

ក្រុមបាតុករ បានដាក់របាំងអណ្តាតភ្លើង នៅជិតអគារសភា ដោយបានគប់វត្ថុជាច្រើនទៅលើនគរបាល បង្ក្រាបកុបកម្ម ដែលបានឆ្លើយតបវិញដោយការប្រើកាណុងបាញ់ទឹក និងឧស្ម័នបង្ហៀរទឹកភ្នែក ដើម្បីបំបែកហ្វូងមនុស្ស។
ចំណុចសំខាន់នៃជម្លោះ គឺសេចក្តីស្នើច្បាប់នេសាទដែលត្រូវបានស្នើឡើងនោះ ក្រុមអ្នកតវ៉ាបានអះអាងថា នឹងផ្តល់ឱ្យក្រុមអ្នកមានតួនាទីក្នុងឧស្សាហកម្មមួយក្រុមតូចគ្រប់គ្រងទីផ្សារ ដែលនឹងធ្វើឱ្យអ្នកនេសាទជាប្រពៃណី ជួបគុណវិបត្តិ។

វិស័យនេសាទទ្រង់ទ្រាយតូច មានតម្រូវការចម្បងចំនួនពីរ គឺការការពារកូតានេសាទដែលមានស្រាប់ និងរក្សាបម្រាមបច្ចុប្បន្នលើការអូសទាញតាមឧស្សាហកម្ម ដែលធ្វើឲ្យថយចុះបរិមាណត្រី និងបំផ្លាញប្រព័ន្ធអេកូឡូស៊ីសមុទ្រ។