ចិន៖ អ្នកជំនាញពាណិជ្ជកម្មមួយរូបបាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិក និងចិននឹងអូសបន្លាយពេលនៃភាពទាល់ច្រក ក្នុងសង្គ្រាមពាណិជ្ជកម្មកំពុងកើតឡើងរបស់ពួកគេ ដោយសារតែគ្មានការឈឺចាប់គ្រប់គ្រាន់សម្រាប់ភាគីម្ខាងៗ ដើម្បីឲ្យពួកគេដកថយនោះ។
លោកស្រី ដឺបូរ៉ា អែម គឺជានាយកប្រតិបត្តិ នៅឯមជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ី ដែលមានមូលដ្ឋានក្នុងប្រទេសសិង្ហបុរីបាននិយាយថា “ខ្ញុំគិតថា យើងនឹងស្ថិតនៅការពន្យារពេលដ៏យូរមួយ នៃភាពតានតឹងកើនឡើងបន្តឥតឈប់ នៃសង្គ្រាមពាណិជ្ជកម្មមួយនេះ”។ លោកស្រី អែម បាននិយាយប្រាប់ទូរទស្សន៍ CNBC ថា បញ្ហាមួយគឺថា ភាគីទាំង២ គិតថា ពួកគេមានប្រៀបដូចគ្នាលើការជជែកដេញដោលមួយនេះ។ សេចក្ដីអធិប្បាយរបស់លោកស្រី អែម បានកើតមានឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងចិន បានប្រកាសសងសឹកដំឡើងតម្លៃពន្ធ លើគ្នាទៅវិញទៅមកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ហើយជំនួបរយៈពេល ២ថ្ងៃរបស់ពួកគេ បញ្ចប់ទៅដោយគ្មានទម្លុះភាពទាល់ច្រកណាមួយនោះទេ។
លោកស្រីបាននិយាយថា ស្ថានភាពទំនងជាកាន់តែអាក្រក់ទៅក្នុងរយៈពេលជាច្រើនខែទៀត បន្តរហូតដល់ដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិសហរដ្ឋអាមេរិក។ លោកស្រី អែម បាននិយាយថា “ខ្ញុំគិតថា យើងមិនមានការឈឺចាប់គ្រប់គ្រាន់ ក្នុងប្រព័ន្ធធ្វើសង្គ្រាមពាណិជ្ជកម្មមួយនេះឡើយ ខ្ញុំអាចប្រកាសបានថា យើងមាននូវយុទ្ធសាស្ត្រដោះស្រាយ ខុសប្លែកពីគ្នានាពេលឥឡូវនេះ។ នោះគឺជាការងារប្រកួតប្រជែងរបស់ពួកយើង”។ ដោយឡែកក្រុមអ្នកឃ្លាំមើលទីផ្សារពាណិជ្ជកម្ម បច្ចុប្បន្នកំពុងចោលក្រសែភ្នែករបស់ពួកគេ ទៅលើជុំមួយទៀតនៃការគំរាមដំឡើងតម្លៃពន្ធ លើទំនិញចិនទំហំទឹកប្រាក់ ២០០ពាន់លានដុល្លារ ដែលគេរំពឹងថាគ្រោងនឹងធ្វើនាពេលក្រោយក្នុងឆ្នាំនេះ៕
អត្ថបទ៖ សារ៉ាត់
