ភ្នំពេញ ៖ ព្រះរាជាណាចក្រកម្ពុជាកម្ពុជា អបអរខួបលើកទី១៦ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូនៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០០៥ - ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១។
ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់ល្ខោនមួយ ដែលស្ថិតក្នុងចំណោមល្ខោនដ៏ចំណាស់ និងសក្ការៈនៅក្នុងប្រទេសកម្ពុជា។
ល្ខោនស្រមោលស្បែកធំគឺសម្តែងបានតែរឿងរាមកេរ្តិ៍ ដែលជាទេពកថាបុរាណ ដែលមានលក្ខណៈសក្ការៈ ហើយតាមទំនៀមរៀងមកគេសម្តែងល្ខោនស្រមោលស្បែកធំ តែក្នុងពិធីធំដុំដែលមានលក្ខណៈជាជំនឿជាកិច្ចឧទិ្ទសបួងសួង ឬបន់ស្រន់ជាដើម។
ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០០៥។
ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រាប់BTV ព័ត៌មាននាព្រឹកនេះថា នៅថ្ងៃនេះ គឺជាថ្ងៃរំលឹកដល់ប្រជាជនខ្មែរយើងទាំងអស់ ជាពិសេសយុវវ័យយើងត្រូវដឹងថា ជាថ្ងៃប្រារព្ធខួបលើកទី១៦ នៃការដាក់បញ្ចូលល្ខោនស្រមោលស្បែកធំក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នៅថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០០៥ - ថ្ងៃទី២៥ ខែវិចិ្ឆកា ឆ្នាំ២០២១។
ឯកឧត្តម បណ្ឌិត គឹម ពីនន់ បានបញ្ជាក់ទៀតថា វិស័យសិល្បៈវប្បធម៌របស់កម្ពុជា ត្រូវតែមានការចូលរួមគាំទ្រច្រើនណាស់ពីស្រទាប់យុវវ័យ។ ដូច្នេះហើយរាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងទិវាវប្បធម៌ជាតិ ក៏ដូចជាក្នុងមហោស្រពសិល្បៈយុវជនទូទាំងប្រទេស។
ក្នុងនោះសម្តេចនាយក បានលើកឡើងនូវប្រធានបទមួយ ដែលក្រសួងវប្បធម៌ ត្រូវតែរៀបចំធ្វើជារៀងរាល់ឆ្នាំនោះ គឺយុវជន ដើម្បីវប្បធម៌ជាតិ។ ដូច្នេះក្រសួងវប្បធម៌ ក៏បានរៀបចំឲ្យមានការបណ្តុះបណ្តាលប្រកួតប្រជែង ផ្នែកតស៊ូមតិ និងសិល្បៈជាច្រើនទម្រង់ ដើម្បីឲ្យយុវវ័យ បានដឹងបានស្គាល់ពីអត្តសញ្ញាណជាតិរបស់យើង៕
អត្ថបទ រដ្ឋា



