ដោយព្រួយបារម្ភពីអាយុជីវិតរបស់ពួកគេ បុរស ស្ត្រី និងកុមារនៅប្រទេសស៊ីរី បានដើរឆ្លងកាត់ទន្លេទៅរកទីសុវត្ថិភាពនៅក្នុងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ក្នុងចំណោមនោះមនុស្សរាប់រយនាក់បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ដើម្បីគេចចេញពីអំពើឃាតកម្មប្រកាន់និកាយ ដែលកំណត់គោលដៅលើសហគមន៍និកាយ អាឡាវីត(Alawite) របស់ពួកគេ។

ស្ត្រីម្នាក់ និយាយថា នាងបានឃើញសាកសពមនុស្ស៧នាក់នៅក្នុងភូមិរបស់នាង។ ស្ត្រីម្នាក់ទៀតនិយាយថា នាងបានចំណាយពេលបីថ្ងៃជាប់នៅក្នុងផ្ទះដោយសារតែការបាញ់កាំភ្លើងយ៉ាងខ្លាំង។ បុរសម្នាក់ និយាយថា ក្រុមសកម្មប្រយុទ្ធ បានគំរាមសម្លាប់មនុស្សទាំងអស់នៅក្នុងភូមិរបស់លោក ដោយសារតែពួកគេជាសមាជិកនៃសហគមន៍ជនជាតិភាគតិច និកាយ Alawite ។

ប៉ុន្មានថ្ងៃបន្ទាប់ពីការសម្លាប់ចាប់ផ្តើមនៅក្នុងតំបន់ឆ្នេររបស់ប្រទេសស៊ីរី ជនភៀសខ្លួនជាបន្តបន្ទាប់ បាន ឆ្លងកាត់ទឹកត្រឹមជង្គង់នៃទន្លេ Nahr El Kabir ចូលទៅកាន់ប្រទេសលីបង់ ដោយនាំយកកូនៗ និងទ្រព្យសម្បត្តិដែលពួកគេអាចយកទៅបាន។
យោងតាមអាជ្ញាធរប្រទេសលីបង់នៅក្នុងតំបន់ បាននិយាយឱ្យដឹងថា ជាង៣៥០គ្រួសារ បានធ្វើដំណើរដូចគ្នាទៅកាន់ប្រទេសលីបង់ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបានភៀសខ្លួនចេញពីអំពើហិង្សា ខណៈការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយថា គ្រួសារជាច្រើនរួមមានស្ត្រី និងកុមារ ត្រូវបានសម្លាប់ក្នុងអំពើហិង្សា។