រដ្ឋមន្ត្រីក្រសួងថាមពលរបស់ប្រទេសកាណាដា លោក Jonathan Wilkinson បាននិយាយកាលពីថ្ងៃអង្គារ ថា ប្រទេសកាណាដា អាចដាក់វិធានការមិនមែនជាការដំឡើងពន្ធ ដូចជាការរឹតត្បិតការនាំចេញប្រេងរបស់ខ្លួន ទៅកាន់សហរដ្ឋអាមេរិក ឬដំឡើងពន្ធលើការនាំចេញផលិតផល ប្រសិនបើជម្លោះពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក កាន់តែរីកធំថែមទៀត។

លោក បានលើកឡើងពីលទ្ធភាពនៃការប្រើប្រាស់វិធានការមិនមែនការដំឡើងពន្ធ លើរ៉ែសំខាន់ៗ ដែលអាចបង្ខំឱ្យសហរដ្ឋអាមេរិក ពឹងផ្អែកកាន់តែខ្លាំងលើប្រទេសចិន។

ប្រទេសកាណាដា គឺជាអ្នកផ្គត់ផ្គង់ប្រេងកំពូលមួយនាំចូលទៅកាន់សហរដ្ឋអាមេរិក ដោយផ្តល់ប្រហែល៤លានបារ៉ែលក្នុងមួយថ្ងៃ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump កាលពីថ្ងៃអង្គារ បានបង្កើនសង្គ្រាមពាណិជ្ជកម្មដែលកំពុងបន្តជាមួយប្រទេសកាណាដា ដោយសន្យាដំឡើងពន្ធទ្វេរដងដែលត្រូវបានកំណត់ឱ្យចូលជាធរមាននៅថ្ងៃពុធនេះលើផលិតផលដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលទាំងអស់ពីប្រទេសជិតខាងភាគខាងជើងរបស់អាមេរិក រហូតដល់៥០% ទោះបីជាលោកក្រោយមកបាននិយាយថា លោកទំនងជានឹងបន្ធូរបន្ថយ បន្ទាប់ពីមន្រ្តីកាណាដា បានព្រមព្រៀងចរចា។