ប្រទេសអូស្ត្រាលី នៅថ្ងៃពុធ ទី១២ ខែមីនានេះ បាននិយាយថា ប្រទេសនេះខកចិត្តយ៉ាងខ្លាំង ដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ពុំបានផ្តល់ការលើកលែងការដំឡើងពន្ធលើដែក ថែបនិងអាលុយមីញ៉ូម ប៉ុន្តែបានប្តេជ្ញាបន្តបញ្ចុះបញ្ចូលរដ្ឋបាលសហរដ្ឋអាមេរិកឲ្យមានការបន្ធូរបន្ថយ។

លោក Trump បាននិយាយកាលពីខែកុម្ភៈ ថា លោកនឹង «ផ្តល់ការពិចារណាចាំបាច់» ក្នុងការលើកលែងការដំឡើងពន្ធដល់ប្រទេសអូស្ត្រាលី ដោយមើលឃើញពីអតិរេកពាណិជ្ជកម្មប្រចាំឆ្នាំរបស់សហរដ្ឋអាមេរិកជាមួយប្រទេសនេះ បន្ទាប់ពីមានការសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ។

ទោះជាយ៉ាងណា កាលពីថ្ងៃអង្គារ ទី១១ មីនា សេតវិមានបានប្រកាសថា ការដំឡើងពន្ធ២៥% ដែលបានគ្រោងទុកពីមុនលើផលិតផលដែក និងអាលុយមីញ៉ូម ដែលនាំចូលទៅសហរដ្ឋអាមេរិក ពីគ្រប់ប្រទេសទាំងអស់នឹងចូលជាធរមាននៅថ្ងៃពុធនេះ ដោយគ្មានការលើកលែង។