ទីផ្សារភាគហ៊ុន បានធ្លាក់ចូលក្នុងភាពច្របូកច្របល់ បន្ទាប់ពីការដំឡើងពន្ធទ្វេដងលើការនាំចូលដែកថែប និងអាលុយមីញ៉ូមរបស់លោកDonald Trumpបានចូលជាធរមាននៅថ្ងៃពុធសប្ដាហ៍នេះ ខណៈក្រុមវិនិយោគិន បារម្ភពីការប៉ះពាល់នៃការគំរាមដំឡើងពន្ធចុងក្រោយចំពោះសេដ្ឋកិច្ចសកល។

កម្ដៅនៃសង្រ្គាមពាណិជ្ជកម្មកាន់តែក្ដៅគគុករបស់ប្រធានាធិបតីអាមេរិក បានបង្កឱ្យមានការប្រែប្រួលទូទាំងផ្សារភាគហ៊ុន Wall Street ខណៈភាគហ៊ុន S&P 500 របស់អាមេរិក បានធ្លាក់ចុះដល់១,៥ មុនពេលស្ទុះងើបឡើងវិញនៅពេលក្រោយ។
ប្រាក់ដុល្លារបានធ្លាក់ចុះជិតកម្រិតទាបរយៈពេលប្រាំខែ ធៀបនឹងរូបិយប័ណ្ណសំខាន់ៗនៅថ្ងៃពុធទី១២មីនាសប្ដាហ៍នេះខណៈមានការព្រួយបារម្ភពីសេដ្ឋកិច្ចរបស់អាមេរិក បានបន្តធ្លាក់ចុះក្រោមគោលនយោបាយពាណិជ្ជកម្មដែលមិនអាចទាយទុកជាមុនបានរបស់ប្រធានាធិបតី Donald Trump ។

ផ្សារភាគហ៊ុនអាស៊ីក៏បានបន្តធ្លាក់ចុះផងដែរកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ទន្ទឹមក្ដីបារម្ភពីឱនភាពសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិកដោយសារសង្គ្រាមពន្ធរបស់លោក Trump ។តែប្រាក់អឺរ៉ូបានឡើងជិតដល់កម្រិតខ្ពស់បំផុតរយៈពេលប្រាំខែដោយសារការបង្កើនសុទិដ្ឋិនិយមសម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

ផ្សារភាគហ៊ុនសកលបានធ្លាក់ចុះបន្ទាប់ពីការប្រកាសពន្ធដ៏គួរឱ្យភ្ញាក់ផ្អើលមួយពីទាំងសហរដ្ឋអាមេរិក និងកាណាដា ខណៈក្រុមវិនិយោគិន បានឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ខេត្តអនតារីយ៉ូ(Ontario)ប្រទេសកាណាដា ក្នុងការដើរថយក្រោយលើការគិតថ្លៃបន្ថែមលើការលក់ថាមពលទៅឪ្យសហរដ្ឋអាមេរិក។
ភាពតឹនតឹងនេះបានកើតឡើងបន្ទាប់ពីលោក Trump ប្តេជ្ញាដំឡើង៥០% លើលោហៈកាណាដាចាប់ពីថ្ងៃពុធសប្ដាហ៍នេះ ដោយសេតវិមានក្រោយមកបានបោះបង់ចោលផែនការពីរបីម៉ោងមុនពេលត្រូវអនុវត្ត។
ការប្រកាសពាណិជ្ជកម្មខុសប្រក្រតីបាននាំឱ្យមានក្ដីបារម្ភខ្លាំងលើសន្ទស្សន៍នៃការប្រែប្រួលទីផ្សារឡើងដល់កម្រិតខ្ពស់ដែលមិនធ្លាប់មើលឃើញចាប់តាំងពីការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចកាលពីរដូវក្តៅមុននៅសហរដ្ឋអាមេរិក។ការភ័យស្លន់ស្លោរបស់វិនិយោគិនសកលបាននាំឱ្យផ្សារភាគហ៊ុន FTSE 100 របស់ចក្រភពអង់គ្លេសធ្លាក់ចុះ១,២% ផ្សេងទៀត ដោយបានខាតបង់៤,២% ចាប់តាំងពីដើមសប្តាហ៍មុន។ ប្រាក់ដុល្លារក៏បានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីការឈ្នះបោះឆ្នោតរបស់លោក Trump កាលពីខែវិច្ឆិកា៕