ទីភ្នាក់ងារសារព័ត៌មានរដ្ឋ រាយការណ៍នៅថ្ងៃពុធ (១២ មីនា) នេះថា កូរ៉េខាងជើងព្រមានថា ហេតុការណ៍ច្រឡំទម្លាក់គ្រាប់បែកលើតំបន់ជនស៊ីវិលនាពេលថ្មីៗនេះដោយយន្តហោះចម្បាំងកូរ៉េខាងត្បូងអំឡុងការហ្វឹកហាត់ បានបង្ហាញថា ឧប្បត្តិហេតុធម្មតាមួយអាចបង្កឱ្យមានជម្លោះប្រដាប់អាវុធថ្មីលើឧបទ្វីបកូរ៉េ។

គួរឱ្យដឹងថា យន្តហោះយោធាកូរ៉េខាងត្បូង ២គ្រឿង បានច្រឡំទម្លាក់គ្រាប់បែកពីលើអាកាស ៨គ្រាប់ លើភូមិមួយនៅជិតព្រំដែនយោធាជាមួយកូរ៉េខាងជើង កាលពីសប្តាហ៍មុន ដោយបានធ្វើឱ្យជនស៊ីវិលជិត ៣០នាក់របួស នៅក្នុងឧបទ្ទវហេតុដែលយោធាកូរ៉េខាងត្បូង និយាយថា ទំនងជាបណ្តាលមកពីកំហុសរបស់អាកាសយានិក។

តំបន់នោះនៅជិតកន្លែងហ្វឹកហ្វឺនធម្មតាដែលប្រើដោយកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្ត ដែលនៅជិតព្រំដែន។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA និយាយថា "ទីក្រុងព្យុងយ៉ាង មិនចាំបាច់ពន្យល់ថានឹងមានរឿងអ្វីកើតឡើងទេ ប្រសិនបើគ្រាប់បែកនោះបានទម្លាក់ហួសទៅឆ្ងាយឆ្លងកាត់ព្រំដែនចូលកូរ៉េខាងជើង"។ KCNA បន្តថា “ផ្កាភ្លើងដោយចៃដន្យណាមួយអាចលេបត្របាក់ឧបទ្វីបកូរ៉េ និងពិភពលោក ឱ្យធ្លាក់ទៅក្នុងជម្លោះប្រដាប់អាវុធថ្មី”។

កូរ៉េខាងជើង តែងតែរិះគន់សមយុទ្ធយោធារួមគ្នាដោយសម្ព័ន្ធមិត្តទាំងពីរនេះ ថាជាការហាត់សមសម្រាប់សង្គ្រាមប្រឆាំងនឹងខ្លួន។ ប៉ុន្តែកូរ៉េខាងត្បូង ច្រានចោលការចោទប្រកាន់នោះ ដោយនិយាយថា សមយុទ្ធនេះគឺជាការការពារ និងមានបំណងរក្សាការត្រៀមខ្លួនប្រឆាំងការឈ្លានពានកូរ៉េខាងជើងប៉ុណ្ណោះ៕