ប្រជាជនប៉ាគីស្ថាន រាប់សិបលាននាក់ទើបតែរួចផុតពីហានិភ័យសុខភាព បន្ទាប់ពីបានចំណាយពេលយ៉ាងហោចណាស់ ៤ខែ ក្នុងការដកដង្ហើមស្រូបយកខ្យល់មានជាតិពុល ២០ដងលើសពីកម្រិតសុវត្ថិភាព នៅក្នុងរដូវកាលផ្សែងអ័ព្ទពុលនៃរដូវរងាដ៏អាក្រក់បំផុតអស់រយៈពេលជាច្រើនឆ្នាំ នេះបើយោងតាមទិន្នន័យដែលបានវិភាគដោយសារព័ត៌មាន AFP ។

ប៉ាគីស្ថានជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានការបំពុលខ្យល់ខ្លាំងបំផុតលើពិភពលោក ដោយទីក្រុងឡាហ័រ ជារឿយៗតែងក្លាយជាកន្លែងមានខ្យល់កខ្វក់យ៉ាងគ្រោះថ្នាក់បំផុតនៅចន្លោះខែវិច្ឆិកា និងខែកុម្ភៈ។ ការវិភាគរបស់ AFP នៃទិន្នន័យចាប់តាំងពីឆ្នាំ២០១៨ បង្ហាញថា រដូវផ្សែងអ័ព្ទពុលក្នុងរដូវរងាឆ្នាំ២០២៤-២០២៥ បានចាប់ផ្តើមលឿនជាងធម្មតានៅខែតុលា ហើយនៅតែបន្តកើតមានក្នុងកម្រិតខ្ពស់ រួមទាំងទីក្រុងនានាដែលជាធម្មតាមិនសូវរងផលប៉ះពាល់ដោយការបំពុលខ្យល់។

អ្នកស្រុកចំនួន ១៤លាននាក់នៅក្រុងឡាហ័រ បានចំណាយពេល ៦ខែដកដង្ហើមស្រូបយកកំហាប់ភាគល្អិតខ្យល់ពុល PM2.5 ដ៏ខ្ពស់ដែលអាចជ្រាបចូលទៅក្នុងសួត និងចរន្តឈាម ក្នុងកម្រិត ២០ដង ឬច្រើនជាងការណែនាំដោយអង្គការសុខភាពពិភពលោក។

អ្នកជំនាញនិយាយថា ការបំពុលខ្យល់នេះបណ្ដាលមកពីការបំភាយឧស្ម័នពីរោងចក្រ និងចរាចរណ៍ជាចម្បង ហើយកាន់តែអាក្រក់នៅក្នុងរដូវរងា ដោយសារកសិករដុតបំផ្លាញដំណាំ និងសីតុណ្ហភាពកាន់តែត្រជាក់ ព្រមទាំងខ្យល់បក់យឺតៗបានហ៊ុមព័ទ្ធខ្យល់បំពុលទុកក្នុងបរិយាកាស៕