ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ក្រុមហ៊ុនរថយន្តតេស្លាដ៏ទំនើបរបស់មហាសេដ្ឋី Elon Musk បានក្លាយជាគោលដៅរបស់ក្រុមបាតុករជាមួយនឹងការគប់គ្រាប់បែកសាំង ការវាយប្រហារដោយគំនូរ និងអគ្គិភ័យ ខណៈមូលដ្ឋានតេស្លាជាច្រើនទូទាំងសហរដ្ឋអាមេរិក បានរងការវាយប្រហារ ការតវ៉ា និងអំពើហិង្សានានា នៅក្នុងបាតុកម្មប្រឆាំងនឹងតួនាទីរបស់មហាសេដ្ឋីរូបនេះក្នុងរដ្ឋបាលលោកប្រធានាធិបតី Donald Trump។

រលកនៃការតវ៉ាប្រឆាំងតេស្លា និងការវាយប្រហារជាច្រើន បានកើតឡើងក្នុងពេលលោក Musk ដែលជាម្ចាស់ក្រុមហ៊ុនតេស្លា បាននាំមុខក្នុងការបណ្ដេញបុគ្គលិកទ្រង់ទ្រាយធំក្នុងរដ្ឋបាលលោក Trump និងដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល DOGE ដែលបានបញ្ឈប់ការងារមនុស្សរាប់ម៉ឺននាក់ចាប់តាំងពីខែមករា មក។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ មានការតវ៉ាដោយសន្តិវិធី "ប្រឆាំងតេស្លា" ជាច្រើននៅទូទាំងសហរដ្ឋអាមេរិក ប៉ុន្តែក៏មានឧប្បត្តិហេតុហិង្សាជាច្រើនផងដែរ ដែលនាំឱ្យមានការចាប់ខ្លួនយ៉ាងចម្រូងចម្រាស។ កាលពីថ្ងៃអង្គារ (១១ មីនា) លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា លោកនឹងចាត់ទុកអំពើហិង្សាប្រឆាំងរោងចក្រតេស្លា ថាជា "អំពើភេរវកម្មក្នុងស្រុក"។

បន្ថែមពីលើនេះ លោក Trump បានប្រកាសថា លោកនឹងទិញរថយន្តតេស្លា ថ្មីស្រឡាងមួយគ្រឿងដើម្បីបង្ហាញការគាំទ្រដល់សម្ព័ន្ធមិត្តមហាសេដ្ឋីរបស់ខ្លួន ស្របពេលមានការតវ៉ា "ប្រឆាំងតេស្លា" និងការធ្លាក់ចុះនៃតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន៕