យោងតាមរបាយការណ៍មួយបានឱ្យដឹងថា ជនស៊ីវិលជិត ១.០០០នាក់ត្រូវបានសម្លាប់ និងរាប់រយនាក់ទៀតបានរងរបួស នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់យោធានៅទូទាំងទ្វីបអាហ្រ្វិក ខណៈការរីកសាយភាយនៃយានដ្រូននៅតែបន្តដោយពុំមានការត្រួតពិនិត្យនៅលើទ្វីបនេះ។

យ៉ាងហោចណាស់មានការវាយប្រហារ ៥០លើកដាច់ដោយឡែកពីគ្នា ដោយកងកម្លាំងប្រដាប់អាវុធនៅក្នុងទ្វីបអាហ្រ្វិក ត្រូវបានបញ្ជាក់ក្នុងអំឡុងពេល ៣ឆ្នាំចុងក្រោយរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយអ្នកវិភាគពណ៌នាពី "គំរូដ៏គួរឱ្យភ្ញាក់ផ្អើលនៃការខូចខាតលើជនស៊ីវិល" ជាមួយនឹងការទទួលខុសត្រូវតិចតួច ឬពុំមានទាល់តែសោះ។

ក្រុមយុទ្ធនាការ Drone Wars របស់អង់គ្លេស បានចេញរបាយការណ៍នេះកាលពីថ្ងៃចន្ទ (១០ មីនា) ស្តីពីកំណើននៃយានដ្រូនប្រដាប់អាវុធនៅទ្វីបអាហ្រ្វិក ដោយនិយាយថា ទោះបីជាការរីកចម្រើនយ៉ាងឆាប់រហ័សនៃយានដ្រូនប្រដាប់អាវុធ ដែលដាក់ពង្រាយដោយអ៊ុយក្រែន និងរុស្ស៊ីទទួលបានការត្រួតពិនិត្យយ៉ាងសំខាន់ក៏ដោយ ក៏ប៉ុន្តែមានការផ្តោតអារម្មណ៍តិចតួចណាស់នៅទ្វីបអាហ្រ្វិក។


រហូតមកដល់ពេលនេះ ការប្រើប្រាស់យានដ្រូនប្រដាប់អាវុធត្រូវបានបញ្ជាក់នៅក្នុងជម្លោះយ៉ាងហោចណាស់៦ទីតាំងនៅក្នុងទ្វីបអាហ្រ្វិក មានដូចជាស៊ូដង់ សូម៉ាលី នីហ្សេរីយ៉ា ម៉ាលី ប៊ូគីណាហ្វាសូ និងអេត្យូពី ដែលការវាយប្រហារភាគច្រើនត្រូវបានគេប្រទះឃើញ។ របាយការណ៍របស់ក្រុម Drone Wars បានសង្កត់ធ្ងន់ថា បរាជ័យក្នុងការគ្រប់គ្រងការរីកសាយភាយនៃយានដ្រូនប្រដាប់អាវុធនៅក្នុងទ្វីបអាហ្រ្វិកបាននាំឱ្យជនស៊ីវិលជាង ៩៤០នាក់ ត្រូវបានសម្លាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២១មក៕