គណៈកម្មការអឺរ៉ុប បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធ (១២ មីនា) នេះថា សហភាពអឺរ៉ុបនឹងដាក់ពន្ធសងសឹកប្រឆាំងលើទំនិញអាមេរិក ដែលមានតម្លៃ ២៦ពាន់លានអឺរ៉ូ (២៨,៣៣ពាន់លានដុល្លារ) ចាប់ពីខែក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump លើដែកថែប និងអាលុយមីញ៉ូម។

គណៈកម្មាការអឺរ៉ុប និយាយថា ខ្លួននឹងបញ្ចប់ការផ្អាកបច្ចុប្បន្ននៃពន្ធសងសឹកលើផលិតផលសហរដ្ឋអាមេរិក នៅថ្ងៃទី០១ ខែមេសា ហើយនឹងដាក់ចេញនូវកញ្ចប់ថ្មីនៃវិធានការតបតលើទំនិញអាមេរិក នៅពាក់កណ្តាលខែមេសា។

លោកស្រី Ursula von der Leyen ប្រធានគណៈកម្មការអឺរ៉ុប បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "នេះត្រូវគ្នានឹងវិសាលភាពសេដ្ឋកិច្ចនៃពន្ធគយរបស់អាមេរិក ហើយវិធានការតបតរបស់អឺរ៉ុប នឹងត្រូវបានណែនាំជាពីរជំហាន ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា និងពេញលេញនៅថ្ងៃទី១៣ មេសា"។

សូមបញ្ជាក់ថា ការដំឡើងពន្ធ ២៥% របស់លោក Trump លើការនាំចូលដែកថែប និងអាលុយមីញ៉ូមបានចូលជាធរមាននៅថ្ងៃពុធនេះ ខណៈការលើកលែងពីមុន កូតាគ្មានពន្ធ និងការលើកលែងប្រភេទផលិតផលបានផុតកំណត់៕