មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បានប្រាប់ឲ្យដឹងថា កិច្ចចរចាបទឈប់បាញ់ដំណាក់កាលថ្មី នៅតំបន់ហ្កាហ្សា បានចាប់ផ្តើមកាលថ្ងៃអង្គារ (ទី១១ ខែមីនា) ក្នុងរដ្ឋធានីដូហា ប្រទេសកាតា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះកំពុងប្រឹងប្រែងចូលរួមកិច្ចពិភាក្សា ក្នុងផ្លូវមួយ «ប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវ"។
លោក Abdul Rahman Shadid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការចរចាបទឈប់បាញ់ដំណាក់កាលថ្មី បានចាប់ផ្តើមហើយនៅថ្ងៃនេះ (ថ្ងៃអង្គារ)។ ក្រុមរបស់យើងកំពុងចូលរួមក្នុងកិច្ចពិភាក្សាទាំងនេះប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវ»។

ភាគីអ៊ីស្រាអែលក៏បានបញ្ជូនក្រុមអ្នកចរចាទៅចូលរួមកិច្ចពិភាក្សា ក្នុងគោលបំណងពន្យាររយៈពេលនៃបទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្កាហ្សានេះផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់បានធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ ជុំវិញកិច្ចពិភាក្សានេះ។
លោក Shadid បានបន្ថែមថា៖ «យើងសង្ឃឹមថា ដំណាក់កាលថ្មីនៃការចរចានេះ នាំទៅរកវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកការចាប់ផ្តើមដំណាក់កាលទី២»។
ហើយជាមួយគ្នានេះ លោកក៏បានសម្តែងក្តីសង្ឃឹមផងដែរថា ប្រេសិតប្រចាំតំបន់មជ្ឈិមបូព៌ារបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff នឹងជួយ «ចាប់ផ្តើមការចរចារ សម្រាប់ដំណាក់កាលទី ២ នៃកិច្ចព្រមព្រៀងបទឈប់បាញ់» ដោយលោកបានលើកឡើងថា «រដ្ឋបាលអាមេរិកត្រូវទទួលខុសត្រូវ ដោយសារការគាំទ្រមិនងាករេរបស់ខ្លួន ចំពោះរដ្ឋាភិបាលកាន់កាប់ដែនដីនេះ (អ៊ីស្រាអែល)»។
ដំណាក់កាលរយៈពេល ៤២ថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ បានផុតកំណត់នៅដើមខែមីនា ដោយគ្មានការព្រមព្រៀងគ្នា ជុំវិញដំណាក់កាលបន្តបន្ទាប់ ដែលមានន័យថា ធានាបាននូវការបញ្ចប់ដ៏យូរអង្វែង ចំពោះសង្រ្គាម ដែលបានផ្ទុះឡើង បន្ទាប់ពីមានការវាយប្រហារដោយក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ មានទស្សនៈផ្សេងគ្នា អំពីរបៀបបន្តកិច្ចព្រមបទឈប់បាញ់ ដោយក្រុមហាម៉ាសកំពុងស្វែងរកការចរចាភ្លាមៗ សម្រាប់ដំណាក់កាលបន្ទាប់ ខណៈដែលអ៊ីស្រាអែលចង់ពន្យាររយៈពេលដំណាក់កាលទី១៕


