យោងតាមការស្ទង់មតិដែលធ្វើឡើងដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិគីវ (KIIS) តាមសំណើរបស់សារព័ត៌មាន Kyiv Independent បានបង្ហាញឲ្យឃើញថា ប្រជាជនអ៊ុយក្រែន ៤៧,១ភាគរយ ចាត់ទុកថា វាគឺជារឿង «មិនអាចទទួលយកបានជាដាច់ខាត» ក្នុងការយល់ព្រមធ្វើសម្បទានដែនដី និងបោះបង់សមាជិកភាពរបស់អង្គការណាតូ ជាលក្ខខណ្ឌចាំបាច់ ដើម្បីបញ្ចប់សង្រ្គាមនោះ។
មានតែអ្នកឆ្លើយតប ៨,២ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេនឹង «មិនជំទាស់សូម្បីបន្តិច» ចំពោះសេណារីយ៉ូនេះ ខណៈដែល ៣៨ភាគរយ បានហៅជម្រើសនេះថា ជារឿងពិបាកសម្រេច ប៉ុន្តែ «អាចទទួលយកបានដោយទូទៅ»។ អ្នកឆ្លើយសំណួរ ៦,២ភាគរយ យល់ថា ពិបាកឆ្លើយ ហើយ ០,៤ភាគរយ បដិសេធមិនឆ្លើយតប។

យ៉ាងណាក្ដី សម្រាប់អ្នកឆ្លើយសំណួរអាយុចន្លោះពី ១៨ ទៅ ២៩ឆ្នាំ ជាង ៥០ភាគរយ យល់ថា ការធ្វើសម្បទានដែនដី និងការបដិសេធមិនចូលជាសមាជិករបស់អង្គការណាតូ ជាថ្នូរនឹងការបញ្ចប់សង្រ្គាមនោះ «មិនអាចទទួលយកបានទាំងស្រុង»។ នៅភាគខាងកើតអ៊ុយក្រែន ៤៩,៥ភាគរយ មើលឃើញថា ជម្រើសនេះពិបាកណាស់ តែ «អាចទទួលយកបានដោយភាគច្រើន»។
ការស្ទង់មតិដែលត្រូវបានស្នើរៀបចំឡើងដោយសារព័ត៌មាន Kyiv Independent ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី៥ ខែកុម្ភៈ ដល់ថ្ងៃទី១០ ខែមីនា។ មនុស្ស ២.០២៩នាក់ បានចូលរួម ហើយកម្រិតនៃភាពល្អៀងគ្នា គឺច្រើនបំផុត ២,៤ភាគរយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថា ទីក្រុងគីវ នឹងចាំបាច់ត្រូវធ្វើសម្បទានដែនដី ដែលជាផ្នែកនៃកិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ ហើយលោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយមុននេះថា «អ្នកអាចបំភ្លេចចោលទៅ អំពីសមាជិកភាពអង្គការណាតូ»៕


