លោក Salama Maarouf ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានថ្លែងកាលពីថ្ងៃអង្គារថា កងកម្លាំងអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៣៧នាក់ ចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានចូលជាធរមាន នៅតំបន់ហ្កាហ្សា។
លោក Maarouf បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« ក្នុងរយៈពេល ១០ថ្ងៃ កន្លងទៅនេះ កងកម្លាំងអ៊ីស្រាអែល បានបង្កើនការរំលោភលើបទឈប់បាញ់របស់ពួកគេ រួមទាំងការសម្លាប់មនុស្ស ៥នាក់ នៅភាគខាងត្បូងនៃទីក្រុងហ្កាហ្សា កាលពីថ្ងៃអង្គារ។
ក្នុងចំណោមអ្នកទាំង ៥នាក់ មានបងប្អូនប្រុសពីរនាក់ ដែលត្រូវបានវាយប្រហារដោយយានដ្រូន ដែលនាំឲ្យចំនួនសរុបនៃជនជាតិប៉ាឡេស្ទីន ត្រូវបានសម្លាប់ ចាប់តាំងពីកិច្ចព្រមព្រៀងសន្តិភាព ចូលជាធរមាន នៅថ្ងៃទី ១៩ ខែមករា ឡើងដល់១៣៧ នាក់ ក្នុងនោះ ៥២នាក់ នៅទីក្រុង Rafah។
លោក Maarouf បានចោទប្រកាន់អ៊ីស្រាអែលពីការបង្កើនសម្ពាធលើប្រជាជនប៉ាឡេស្ទីន តាមរយៈការរួមបញ្ចូលគ្នានៃសកម្មភាពយោធា និងការបិទផ្លូវសេដ្ឋកិច្ច។
លោកបានបញ្ជាក់ទៀតថា៖«អ៊ីស្រាអែលកំពុងរឹតបន្តឹងការឡោមព័ទ្ធ និងបដិសេធមិនឲ្យប្រជាជនទទួលបានសម្ភារៈប្រើប្រាស់ជាមូលដ្ឋាន ខណៈពេលដែលបន្តសម្លាប់ជនស៊ីវិល ដោយគ្មានមេត្តានោះ»។
លោកបានបន្ថែមថា៖«ជនរងគ្រោះរួមមានស្ត្រី និងកុមារ ដែលមិនមានការគំរាមកំហែងដល់កងកម្លាំង អ៊ីស្រាអែល។ ភាគច្រើនត្រូវបានសម្លាប់ ខណៈពេលដែលកំពុងត្រួតពិនិត្យផ្ទះរបស់ពួកគេ នៅជិតទីតាំងកាន់កាប់ ។ លោក Maarouf បានអំពាវនាវដល់អ្នកសម្រុះសម្រួលអន្តរជាតិឲ្យធ្វើអន្តរាគមន៍ និងធ្វើឲ្យអ៊ីស្រាអែលទទួលខុសត្រូវ ចំពោះសកម្មភាពរបស់ខ្លួន។