កម្មវិធីគុនល្បុក្កតោ ជាកម្មវិធីមួយនៅក្នុងព្រឹត្តិការណ៍អង្គរសង្រាន្ត ដែលរៀបចំឡើងក្នុងគោលបំណងថែរក្សាអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរ និងផ្សព្វផ្សាយឱ្យកាន់តែល្បីល្បាញទៅកាន់សាធារណជន ដែលបានចូលរួមទស្សនា និងអាចចូលរួមក្នុងការហ្វឹកហាត់ផ្ទាល់ជាមួយនឹងអ្នកជំនាញ ហើយថែមទាំងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនសម្រាប់រាងកាយ ស្មារតី ភាពរហ័សរហួន ភាពបត់បែននៃរាងកាយទាំងមូល និងជាសិល្បៈតស៊ូមួយដែលអាចយកមកប្រើប្រាស់ការពារខ្លួន។ ក្រៅពីនេះ កម្មវិធីផ្តល់ជូននូវការសម្តែងក្បាច់គុន ការហាត់សមក្បាច់គុន ការនិទានរឿងអំពីគុនល្បុក្កតោ ពិព័រណ៍គ្រឿងសព្វាវុធបុរាណ និងការចូលរួមលេងល្បែងកម្សាន្តដែលទាក់ទងនឹងក្បាច់គុនល្បុក្កតោជាដើម។
គុនល្បុក្កតោជាកេរដំណែលដ៏ផូរផង់របស់ដូនតាខ្មែរបន្សល់ទុកមក និងត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិរបស់អង្គការយូណេស្កូនៅឆ្នាំ២០២២។ កុំភ្លេចចូលរួមរីករាយក្នុងកម្មវិធីនេះទាំងអស់គ្នាទទួលបានការយល់ដឹងបន្ថែមពីគុនល្បុក្កតោ ក៏ដូចជាចូលរួមថែរក្សា និងលើកស្ទួយមរតកដូនតា។

