រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃអង្គារ (ទី១១ ខែមីនា) បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានស្វាគមន៍ការមានកិច្ចព្រមព្រៀង រវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងរដ្ឋាភិបាលថ្មីរបស់ប្រទេសស៊ីរី។
ប្រធានាធិបតីស៊ីរី បាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំង SDF ដែលគ្រប់គ្រងភាគច្រើននៃភាគឦសានរបស់ប្រទេសស៊ីរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីចូលរួមជាមួយស្ថាប័នរដ្ឋថ្មីរបស់ប្រទេស។
ហើយក្រោយមានការស្រុះស្រួលគ្នានេះ លោក Rubio បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «សហរដ្ឋអាមេរិក ស្វាគមន៍កិច្ចព្រមព្រៀងដែលបានប្រកាសនាពេលថ្មីៗនេះ រវាងអាជ្ញាធរបណ្តោះអាសន្នស៊ីរី និងកងកម្លាំងប្រជាធិបតេយ្យស៊ីរី ដើម្បីធ្វើសមាហរណកម្មភាគឦសានទៅជាប្រទេសស៊ីរីបង្រួបបង្រួម»។
លោក Rubio បានបន្ថែមថា៖ «សហរដ្ឋអាមេរិកសូមបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់ខ្លួន ចំពោះការផ្លាស់ប្តូរនយោបាយ ដែលបង្ហាញពីអភិបាលកិច្ចមិនប្រកាន់បក្សពួក និងអាចជឿទុកចិត្តបាន ជាវិធីដ៏ល្អបំផុត ដើម្បីបញ្ចៀសកុំឲ្យមានជម្លោះបន្តទៀត។ យើងនឹងបន្តមើលការសម្រេច ដែលធ្វើឡើងដោយអាជ្ញាធរបណ្តោះអាសន្ន ហើយបានកត់សម្គាល់ដោយការព្រួយបារម្ភ អំពីអំពើហិង្សាដ៏សាហាវនាពេលថ្មីៗនេះប្រឆាំងនឹងជនជាតិភាគតិច»។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ ផ្តល់ឲ្យស្ថាប័នស៊ីវិល និងយោធាគ្រប់គ្រងដោយក្រុម SDF នៅភាគឦសានស៊ីរី ធ្វើសមាហរណកម្មជាមួយរដ្ឋ ហើយសម្រាប់ច្រកព្រំដែន អាកាសយានដ្ឋាន និងកន្លែងប្រេង និងឧស្ម័ននៅទីនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលក្រុងដាម៉ាស៕