វាយសី៖ ម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូកីឡាករដាណឺម៉ាក Viktor Axelsen បានបន្តដំណើរឡើងវគ្គ ១៦នាក់ចុងក្រោយនៃការប្រកួតវាយសីពានរង្វាន់ Indonesian Open ដែលរៀបចំនៅកោះបាលីប្រទេសឥណ្ឌូនេស៊ី។ កីឡាករលំដាប់លេខ ២ ពិភពលោករូបនេះបានចំណាយពេលត្រឹម ៤៣នាទីប៉ុណ្ណោះដើម្បីយកឈ្នះគូប្រកួតកីឡាករជប៉ុន Koki Watanabe ដោយលទ្ធផល ២សិតផ្ទួនៗ ២១-១៤ និង ២១-១៤ ដែលជាការចាប់ផ្តើមបានយ៉ាងល្អក្នុងព្រឹត្តិការណ៍ Indonesian Open ដែលជាការបង្ហាញខ្លួនលើកទី៨ របស់ខ្លួន។

ងាកមកលទ្ធផលផ្សេងទៀតវិញ ម្ចាស់មេដាយសំរឹទ្ធនៅតូក្យូកីឡាករម្ចាស់ផ្ទះឥណ្ឌូនេស៊ី Anthony Sinisuka Ginting ចាប់ផ្តើមបានមិនបានល្អឡើយក្រោយចាញ់កីឡាករបារាំង Christo Popov ២១-១៧ និង ២១-១៨។ ចំណែកការប្រកួតវាយគូបុរសកីឡាករឥណ្ឌូនេស៊ីទាំងពីរនាក់ Pramudya Kusumawardana និង Yeremia Erich Yoche Yacob បានយកឈ្នះដៃគូអង់គ្លេស Ben Lane និង Sean Vendy ដោយលទ្ធផល ១៨-២១, ២១-១៧ និង ២១-៩។ ដៃគូឆៃនីសតៃប៉ិ Lu Ching Yao និង Yang Po Hang ក៏បានបន្តដំណើរទៅជុំបន្តដែរក្រោយយកឈ្នះដៃគូរុស្ស៊ីលំដាប់លេខ ៨ ពិភពលោក Vladimir Ivanov និង Ivan Sozonov ២១-១៧, ១៥-២១ និង ២១-១៩។ ងាកមកការប្រកួតវាយគូចំរុះបុរសនារីដៃគូដាណឺម៉ាកកីឡាករ Mathias Christiansen និងកីឡាការិនី Alexandra Boje បានចំណាយពេល ៥៩នាទីដើម្បីយកឈ្នះដៃគូឥណ្ឌូនេស៊ីកីឡាករ Rinov Rivaldy និងកីឡាការិនី Pitha Haningtyas លទ្ធផល ២១-១៤, ១៣-២១ និង ២១-១៦៕
អត្ថបទ៖នាង សុភាវុធ