នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលចង់ចាប់ផ្តើមកម្មវិធីថ្មីមួយ ដើម្បីផ្តល់ការបណ្តុះបណ្តាលយោធាដោយស្ម័គ្រចិត្ត ចាប់ពីឆ្នាំក្រោយ ដោយមានគោលដៅ បណ្តុះបណ្តាលអ្នកស្ម័គ្រចិត្តចំនួន ១០០.000 នាក់ នៅឆ្នាំ ២០២៧។
លោក Tusk បាននិយាយនៅមុនកិច្ចប្រជុំរដ្ឋាភិបាលថា៖«អ្វីដែលសំខាន់បំផុតសម្រាប់យើង គឺថា រាល់អ្នកដែលចាប់អារម្មណ៍ អាចចូលរួមក្នុងការបណ្តុះបណ្តាលបែបនេះ មិនលើសពីឆ្នាំ ២០២៦ ហើយនេះគឺជាកិច្ចការដ៏លំបាកមួយ ប៉ុន្តែខ្ញុំដឹងថា កិច្ចការនេះ អាចធ្វើបាន»។
«នៅឆ្នាំ ២០២៧ យើងនឹងសម្រេចបាននូវសមត្ថភាព ក្នុងការបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត ១០០.000 នាក់ ក្នុងមួយឆ្នាំ...ក្រៅពីកងទ័ពអាជីព និងលើសពីកងកម្លាំងការពារដែនដី យើងត្រូវបង្កើតកងទ័ពបម្រុង ហើយសកម្មភាពរបស់យើងនឹងបម្រើគោលបំណងនេះ»។
រដ្ឋាភិបាលបានគាំទ្រការផ្តល់ការហ្វឹកហ្វឺនយោធាដល់បុរសពេញវ័យទាំងអស់ កាលពីសប្តាហ៍មុន ខណៈដែលទីក្រុងវ៉ាសូវី (Warsaw) រៀបចំសម្រាប់ការគំរាមកំហែង ពីទីក្រុងមូស្គូ។
ដោយសារការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនជិតខាង កាលពីបីឆ្នាំកន្លងទៅ ប៉ូឡូញបច្ចុប្បន្ននេះ ចំណាយច្រើនភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)របស់ខ្លួន លើវិស័យការពារជាតិ ជាងសមាជិកណាតូផ្សេងទៀត។