គណៈកម្មការអឺរ៉ុប កាលពីថ្ងៃអង្គារ (ទី១១ ខែមីនា) បានស្នើថា ប្រទេសសមាជិកគួរត្រូវបានអនុញ្ញាតឲ្យបង្កើតមជ្ឈមណ្ឌល នៅក្នុងប្រទេសមិនមែនសហភាពអឺរ៉ុប (EU) ដែលជនអន្តោប្រវេសន៍មិនទទួលបានសិទ្ធិជ្រកកោន នឹងរង់ចាំការនិរទេស។
បណ្តាប្រទេសជាសមាជិក EU ជួបការលំបាក ក្នុងការធានាថា អ្នកស្វែងរកសិទ្ធិជ្រកកោនដែលការទាមទាររបស់ពួកគេត្រូវបានបដិសេធ ត្រូវចាកចេញពីដែនដីរបស់ពួកគេ។ សំណើនេះមានគោលបំណងដោះស្រាយបញ្ហាដោយការបញ្ជូនជនអន្តោប្រវេសន៍ទៅកាន់មជ្ឈមណ្ឌល ដែលហៅថា «មជ្ឈមណ្ឌលបញ្ជូនត្រឡប់» នៅក្នុងប្រទេស ក្រៅសហភាពអឺរ៉ុប ខណៈដែលពួកគេកំពុងរង់ចាំដំណើរការនិរទេស។

ស្នងការ EU ទទួលបន្ទុកអន្តោប្រវេសន៍ លោក Magnus Brunner បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃទី១១ ខែមីនាថា៖ «សហភាពអឺរ៉ុបមានស្តង់ដារសិទ្ធិជ្រកកោនខ្ពស់បំផុត នៅលើពិភពលោក ប៉ុន្តែនេះមិនមាននិរន្តរភាពទេ ប្រសិនបើមនុស្សដែលមិនមានសិទ្ធិ បំពានប្រព័ន្ធនេះ»។
ផែនការថ្មីនេះ មានគោលបំណងបង្កើតបទប្បញ្ញត្តិទូទៅ នៅទូទាំង EU ដើម្បីឲ្យមានបញ្ជាឲ្យជនអន្តោប្រវេសន៍ចាកចេញពីរដ្ឋជាសមាជិកមួយ ដែលនឹងត្រូវបានចាត់ទុកថា ជាបញ្ជាឲ្យចាកចេញពីសហភាពអឺរ៉ុបទាំងមូល។ សំណើដែលនៅតែទាមទារឲ្យមានការអនុម័តពីសភាអឺរ៉ុប និងរដ្ឋជាសមាជិក EU គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀង ស្តីពីអន្តោប្រវេសន៍ និងសិទ្ធិជ្រកកោនដែលបានព្រមព្រៀងគ្នា នៅចុងឆ្នាំ២០២៣៕

