ក្រុមឃ្លាំមើលសង្គ្រាម បាននិយាយថា ជនជាតិភាគតិចអាឡាវីត( Alawites) រាប់ពាន់នាក់ បានស្វែងរកការជ្រកកោន នៅក្នុងមូលដ្ឋានទ័ពអាកាស Hmeimim របស់រុស្ស៊ី នៅភាគខាងលិចប្រទេសស៊ីរី កាលពីថ្ងៃអង្គារ បន្ទាប់ពីមានការសម្លាប់រង្គាលដោយក្រុមសមាជិកសាសនា នៅទូទាំងតំបន់នេះ។
ប្រធានក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី លោក Rami Abdel Rahman បានប្រាប់សារព័ត៌មាន AFP ថា៖«ជនស៊ីវិលអាឡាវីតរាប់ពាន់នាក់ បានភៀសខ្លួនពីការសម្លាប់រង្គាល នៅក្នុងទីក្រុង Jableh និងភូមិជុំវិញរបស់ក្រុងនេះ ដើម្បីស្វែងរកកន្លែងជ្រកកោនខាងក្នុង និងជុំវិញមូលដ្ឋានយោធា Hmeimim»។
ក្រុមឃ្លាំមើលសង្គ្រាមនេះ បាននិយាយថា ជនស៊ីវិលចំនួន ១.២២៥នាក់ ដែលជាក្រុមជនអាឡាវីតភាគច្រើន ត្រូវបានសម្លាប់ ចាប់តាំងពីអំពើហិង្សា បានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការប៉ះទង្គិចគ្នារវាងកងកម្លាំងសន្តិសុខ និងក្រុមអ្នកប្រយុទ្ធដែលស្មោះត្រង់នឹងប្រធានាធិបតី ដែលត្រូវបានបណ្តេញចេញពីតំណែង លោក បាសា អាល់អាសាដ ( Bashar al-Assad)។
ការសម្លាប់រង្គាលនេះ បានកើតឡើងនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេរបស់ប្រទេសស៊ីរី ដែលជាតំបន់បេះដូងនៃជនជាតិភាគតិចអាឡាវីត ដែលលោក អាសាដ ក៏រស់នៅក្នុងសហគមន៍នេះដែរ។
ក្រុមឃ្លាំមើលនេះ បាននិយាយថា ជនភៀសខ្លួនមួយចំនួន ដែលបានចាប់ផ្តើមមកដល់មូលដ្ឋានទ័ពនេះ កាលពីថ្ងៃសុក្រ បានបដិសេធមិនត្រឡប់ទៅផ្ទះវិញទេ ដោយសារខ្លាចមានអំពើហិង្សាបន្ថែមទៀត ខណៈដែលផ្ទះរបស់អ្នកខ្លះ ត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។