ការសិក្សាមួយដែលធ្វើឡើងដោយអង្គការសប្បុរសធម៌ WaterAid បានបង្ហាញនៅថ្ងៃពុធ (ទី១២ ខែមីនា) នេះថា អាកាសធាតុ នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកមួយចំនួន កំពុងប្រឈមជាមួយភាពប្រែប្រួលយ៉ាងឆាប់រហ័ស រវាងគ្រោះរាំងស្ងួត និងទឹកជំនន់ ហើយជួបប្រទះនឹងស្ថានភាពអាកាសធាតុធ្ងន់ធ្ងរនេះឆ្លាស់ចុះឡើងដដែល ខណៈដែលសីតុណ្ហភាពកើនឡើង បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វដ្ដទឹករបស់ភពផែនដី។
នៅក្នុងការសិក្សាលើទិន្នន័យអាកាសធាតុរយៈពេល ៤២ឆ្នាំ ដែលដកស្រង់ចេញពីទីក្រុងជាង ១០០ នៃទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោក ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា តំបន់អាស៊ីខាងត្បូង និងអាគ្នេយ៍ ប្រឈមនឹងគំរូអាកាសធាតុសើមខ្លាំងបំផុត ខណៈពេលដែលអឺរ៉ុប មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង កាន់តែរាំងស្ងួត។

សាស្ត្រាចារ្យនៃវិទ្យាស្ថានស្រាវជ្រាវទឹកនៅសាកលវិទ្យាល័យ Cardiff (ប្រទេសវេលស៍) គឺលោក Michael Singer ដែលជាអ្នកនិពន្ធម្នាក់នៃការសិក្សានេះ បាននិយាយថា៖ «នឹងមានទីក្រុងទទួលបានផល និងទីក្រុងរងផលប៉ះពាល់ ដោយសារការប្រែប្រួលអាកាសធាតុ។ វាកំពុងកើតឡើងហើយ»។
ការសិក្សា បានបង្ហាញថា ទីក្រុង Hangzhou ភាគខាងកើតរបស់ប្រទេសចិន និងរដ្ឋធានី Jakarta របស់ឥណ្ឌូនេស៊ី បានឈរនៅលើគេក្នុងតារាងនៃទីក្រុងដែលរងផលប៉ះពាល់ពី «បម្រែបម្រួលអាកាសធាតុយ៉ាងឆាប់រហ័ស» ឬទឹកជំនន់ និងគ្រោះរាំងស្ងួតរយៈពេលយូរយ៉ាងឆាប់រហ័សជាបន្តបន្ទាប់។
ទីក្រុងរហូតដល់ទៅ ១៥ភាគរយដែលត្រូវបានសិក្សា ក៏ប្រឈមនឹងស្ថានភាពអាក្រក់បំផុតគ្រោះធម្មជាតិទាំង២ នេះដែរ ដោយហានិភ័យពីការមានទឹកជំនន់ និងគ្រោះរាំងស្ងួតធ្ងន់ធ្ងរកើនឡើងក្នុងពេលតែមួយ។
ចំណែកទីក្រុងខ្លះដែលជួបប្រទះនឹងការប្រែប្រួលអំណោយផល រួមមានទីក្រុងតូក្យូ ទីក្រុងឡុងដ្រ៍ និងទីក្រុង Guangzhou ភាគខាងត្បូងរបស់ប្រទេសចិន ដែលទីក្រុងទាំងនោះមានខែសើម និងក្ដៅមិនសូវខ្លាំងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលពីឆ្នាំ២០០២ ដល់ឆ្នាំ២០២៣ បើធៀបនឹង ២ទសវត្សរ៍មុននោះ៕


