ស្ថានីយ៍រថភ្លើងទីក្រុង Quetta ត្រូវបានគេបោះបង់ចោលនៅថ្ងៃពុធនេះ ក្រោយក្រុមហ៊ុនអយស្ម័យយានប៉ាគីស្ថាន ផ្អាកសេវាកម្មរថភ្លើងទាំងអស់ចេញ-ចូលខេត្ត Balochistan កាលពីថ្ងៃម្សិលមិញ ។
ការផ្អាកសេវាកម្មនេះ ជាការឆ្លើយតបចំពោះការវាយប្រហារលើរថភ្លើងដឹកអ្នកដំណើរចេញពីទីក្រុង Quetta រដ្ឋធានីខេត្ត Balochistan ឆ្ពោះទៅកាន់ទីក្រុង Peshawar ស្ថិតក្នុងខេត្ត Khyber Pakhtunkhwa កាលពីថ្ងៃអង្គារ ។
សេចក្តីរាយការណ៍បានឲ្យដឹងថា មនុស្សជាច្រើននាក់ ត្រូវបានសម្លាប់ និងរងរបួស ខណៈអ្នកដំណើរមួយចំនួន ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមមន្រ្តីសន្តិសុខប៉ាគីស្ថាន អះអាងថា មនុស្សយ៉ាងហោច ២៧នាក់ ត្រូវបានសម្លាប់មកទល់នឹងពេលនេះ ។
ចំណែកឯកងទ័ពរំដោះ Balochistan (BLA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច បានប្រកាសថា ពួកគេនៅពីក្រោយឧបទ្ទេវហេតុនេះ ។ ពួកគេបាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានចាប់មនុស្ស ២១៤នាក់ ធ្វើជាចំណាប់ខ្មាំង ហើយប្រភពព័ត៌មានសន្តិសុខ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា មាននូវអ្នកដំណើរ ៤២៥នាក់នៅលើរថភ្លើង ពេលរងការវាយប្រហារ ។
កងកម្លាំងប៉ាគីស្ថាន សង្រ្គោះបានអ្នកដំណើរ ១៥៥នាក់ ហើយរដ្ឋាភិបាលនិយាយថា ប្រតិបត្តិការសន្តិសុខ ត្រូវបានធ្វើឡើង ដើម្បីរំដោះមនុស្សនៅជាប់ជាចំណាប់ខ្មាំង ដោយពួកគេពុំបានបញ្ជាក់ពីចំនួនពិតប្រាកដនោះទេ ៕