ក្រសួងការបរទេសចិន បានឲ្យដឹងថា ប្រទេសចិននឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៤ ខែមីនា ក្នុងទីក្រុងប៉េកាំងជាមួយរុស្ស៊ី និងអ៊ីរ៉ង់ ស្តីពី «បញ្ហានុយក្លេអ៊ែរ» របស់អ៊ីរ៉ង់ ដោយប្រទេសទាំង២ បានបញ្ជូនអនុរដ្ឋមន្ត្រីការបរទេសរបស់ពួកគេចូលរួមកិច្ចពិភាក្សានេះ។
ទំនាក់ទំនង រវាងអ៊ីរ៉ង់ និងរុស្ស៊ី កាន់តែស៊ីជម្រៅ ចាប់តាំងពីដើមដំបូងនៃសង្រ្គាមអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ដោយសន្ធិសញ្ញាសហប្រតិបត្តិការជាយុទ្ធសាស្រ្ត ត្រូវបានចុះហត្ថលេខាកាលពីខែមករា។ ហើយប្រទេសទាំង២ នេះ មានការប្រាស្រ័យទាក់ទងគ្នាយ៉ាងល្អជាមួយប្រទេសចិន។
នាថ្ងៃពុធ (ទី១២ ខែមីនា) នេះ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា អនុរដ្ឋមន្ត្រីការបរទេសចិន លោក Ma Zhaoxu នឹងធ្វើជាប្រធាននៃកិច្ចប្រជុំនេះ។
កិច្ចប្រជុំនេះ នឹងធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំបិទទ្វារនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅថ្ងៃជាមួយគ្នានោះ ទាក់ទងនឹងការបង្កើនការស្តុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់អ៊ីរ៉ង់ ដែលជិតដល់កម្រិតផលិតអាវុធ។
ទីក្រុងតេអេរ៉ង់ បានបដិសេធជាយូរមកហើយថា មិនមានបំណងអភិវឌ្ឍអាវុធនុយក្លេអ៊ែរនោះទេ។ អ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងមួយដែលជាផែនការសកម្មភាពរួមគ្រប់ជ្រុងជ្រោយ ជាមួយប្រទេសអង់គ្លេស ចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៥ ដែលបានជួយឲ្យទីក្រុងតេអេរ៉ង់រួចពីទណ្ឌកម្ម ជាថ្នូរនឹងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។
ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន បានចាកចេញពីកិច្ចព្រមព្រៀងនេះ នៅឆ្នាំ២០១៨ ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Donald Trump ហើយអ៊ីរ៉ង់បានចាប់ផ្តើមលែងគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួន ទាក់ទងនឹងនុយក្លេអ៊ែរ៕