ភ្លៀងបានធ្លាក់ខ្លាំងនៅទូទាំងប្រទេសអេស្ប៉ាញកាលពីថ្ងៃអង្គារម្សិលមិញ បានធ្វើឲ្យចរន្តទឹកហូរខ្លាំងនៅតាមទន្លេជាច្រើន បង្ខំឲ្យសាលាក្រុងដាក់ចេញផែនការឆ្លើយតបគ្រាអាសន្ន ។
នៅក្នុងទីក្រុង Alcala de Henares ក្រុមអ្នកស្រុកបានជួបជុំគ្នានៅតាមមាត់ទន្លេមើលចរន្តទឹកហូរខ្លាំង ពេលក្រុមអាជ្ញាធរក្នុងតំបន់ព្រមានថា ភ្លៀងធ្លាក់ខ្លាំង និងការបញ្ចេញទឹកពីអាងស្តុកទឹកនៅតំបន់ Madrid បានធ្វើឲ្យកម្រិតទឹកឡើងខ្ពស់បំផុតក្នុងរយៈពេល ៥ឆ្នាំ ។ ក្រុមមន្រ្តីក្រុង បានបិទផ្លូវដើរតាមមាត់ទន្លេ និងជំរុញឲ្យអ្នកស្រុកចៀសវាងការធ្វើដំណើរមិនចាំបាច់ទៅកាន់ទីនោះ ។
សេវាកម្មសង្រ្គោះបន្ទាន់ បានលើកឡើងពីក្តីកង្វល់ផងដែរចំពោះទន្លេ Guadarrama ពេលដែលវាហូរជិតដល់ចំណុចលើសកម្រិត ឆ្លងកាត់ទីក្រុង Collado Villalba ស្ថិតនៅចម្ងាយ ៤០គ.មពីទីក្រុង Madrid ។
ខណៈពេលនោះដែរ ទីភ្នាក់ងារឧតុនិយមរដ្ឋអេស្ប៉ាញ(Aemet) បានចេញការប្រកាសអាសន្នភ្លៀងធ្លាក់កម្រិតពណ៌លឿង នៅតាមផ្នែកជាច្រើននៃតំបន់ Catalonia និងតំបន់ Andalusia ។
លោក Antionion Sanchez វ័យ ៦៨ឆ្នាំ គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង Madrid និយាយថា លោកបានតាមដានកម្រិតទឹកទន្លេយ៉ាងដិតដល់បំផុត ដោយសារលោករស់នៅតាមខ្សែទឹកខាងក្រោម មិនឆ្ងាយប៉ុន្មានពីមាត់ទន្លេ ហើយវាប្រឈមហានិភ័យខ្ពស់នៃការជន់លិច នៅពេលដែលទឹកទន្លេហូរប្រៀបច្រាំង ៕