ទិន្នន័យបានបង្ហាញកាលពីថ្ងៃអង្គារថា ទីក្រុង ៦របស់ឥណ្ឌាស្ថិតក្នុងចំណោមទីក្រុង ៩ដែលមានកង្វក់បរិយាកាសខ្លាំងបំផុតរបស់ពិភពលោក ក្នុងនោះទីក្រុង Byrnihat ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មធន់ធ្ងន់ ស្ថិតនៅភាគឦសានប្រទេសឥណ្ឌា ឈរនៅចំណាត់ថ្នាក់លេខ ១ ។
យោងតាមទិន្នន័យចងក្រងឡើងដោយក្រុមហ៊ុនតាមដានគុណភាពខ្យល់ស្វីស IQAir បានឲ្យដឹងថា មានតែប្រទេសចំនួន ៧គត់ដែលបានឈានដល់ស្តង់ដាគុណភាពខ្យល់របស់អង្គការសុខភាពពិភពលោក(WHO)កាលពីឆ្នាំមុន ។
ប្រទេសឥណ្ឌា ដែលឈរនៅចំណាត់ថ្នាក់ទី ៥ជាប្រទេសមានផ្សែងអ័ព្ទពុលពីក្រោយប្រទេសឆាដ បង់ក្លាដែស ប៉ាគីស្ថាន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានមើលឃើញភាគល្អិតខ្យល់ធ្លាក់ចុះជាមធ្យម ៧ភាគរយ មកនៅកម្រិត ៥០,៦មីក្រូក្រាម ក្នុង១ម៉ែត្រគូបខ្យល់ ។
ទិន្នន័យបង្ហាញទៀតថា ប្រទេសនៅអាស៊ី និងអាហ្វ្រិក ហើយនិងប្រទេសកំពុងអភិវឌ្ឍមួយចំនួន ពឹងផ្អែកលើឧបករណ៍តាមដានគុណភាពខ្យល់ដែលបំពាក់លើស្ថានទូតសហរដ្ឋអាមេរិក និងអគារកុងស៊ុល ដើម្បីតាមដានកម្រិតផ្សែងអ័ព្ទរបស់ពួកគេ ។ ការប្រមូលជាមធ្យមភាគល្អិតខ្យល់ដ៏គ្រោះថ្នាក់ ដែលគេស្គាល់ថាជា PM2.5 បានកើនឡើងដល់ ៩១,៨មីក្រូក្រាមក្នុង ១ម៉ែត្រគូបខ្យល់ កាលពីឆ្នាំមុន ដែលមានចំនួនខ្ពស់តិចតួចជាងកាលពីឆ្នាំ ២០២២ ។
អង្គការ WHO ណែនាំកម្រិតមិនលើសពី ៥មីក្រូក្រាមក្នុង១ម៉ែត្រគូបខ្យល់ គឺជាស្តង់ដាឈានដល់ដោយទីក្រុងចំនួន ១៧ភាគរយប៉ុណ្ណោះនៅជុំវិញពិភពលោក ៕