រដ្ឋអាជ្ញាម៉ិកស៊ិកលោក Alejandro Gertz Manero បានសន្យាកាលពីថ្ងៃអង្គារថា នឹងបើកការស៊ើបអង្កេតពេញលេញមួយលើផ្នូរសពទ្រង់ទ្រាយធំ ត្រូវបានរកឃើញកាលពីពេលថ្មីៗនេះ នៅរដ្ឋភាគខាងលិច Jalisco ដែលគេមានជំនឿថា មានការជាប់ពាក់ព័ន្ធជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀនហិង្សានៅក្នុងប្រទេសមួយនេះ ។
ការសន្យាពីរដ្ឋអាជ្ញាកំពូលរបស់ម៉ិកស៊ិក បានកើតមានឡើង បន្ទាប់ពីសារព័ត៌មានក្នុងស្រុករាយការណ៍កាលពីពេលថ្មីៗនេះថា ក្រុមសកម្មជនស៊ីវិលបានរកឃើញផ្នូរសពនៅទីក្រុង Teuchitlan ស្ថិតក្នុងរដ្ឋ Jaliscoជាមួយនឹងឡ.ជាច្រើនដែលអាចប្រើប្រាស់សម្រាប់បូជាសព ។
អំឡុងសន្និសីទសារព័ត៌មាន លោក Gertz Manero និយាយថា វាមិនគួរឲ្យជឿទាល់តែសោះកាលដែលស្ថានភាពជាក់ស្តែងបែបនេះ មិនត្រូវបានដឹងដោយអាជ្ញាធរក្រុង និងអាជ្ញាធររដ្ឋ ។
គួរឲ្យដឹងថា កាលពីឆ្នាំ ២០២៤កន្លងទៅ អង្គការមិនរកប្រាក់ចំណេញ “ម៉ិកស៊ិកប្រឆាំងអំពើពុករលួយ” បានចុះផ្សាយរបាយការណ៍របស់ខ្លួនបង្ហាញថា មនុស្ស ១១១.០០០នាក់ ត្រូវបានរាយការណ៍ថា បាត់ខ្លួន ចាប់តាំងពីឆ្នាំ ១៩៦២មក ហើយឥឡូវវានៅមិនទាន់រកឃើញនោះទេ ។
របាយការណ៍នេះ បញ្ជាក់ទៀតថា រដ្ឋដែលមានអត្រាខ្ពស់បំផុតនៃមនុស្សបាត់ខ្លួន គឺរដ្ឋ Jalisco, Michoacan និងរដ្ឋ Mexico ៕