ការបិទធនាគារនៅតំបន់ភាគខាងកើតកុងហ្គោ បណ្តាលឲ្យកើតមានអស្ថិរភាពហិរញ្ញវត្ថុធ្ងន់ធ្ងរ ពេលដែលក្រុមអ្នកស្រុក និងក្រុមធុរកិច្ចពិបាកទទួលបានសាច់ប្រាក់ ហើយនិងធ្វើកិច្ចការជំនួញថ្នាក់មូលដ្ឋាន ។
ការបិទធនាគារបង្កឡើងដោយសារការគ្រប់គ្រងទីក្រុង Goma និងទីក្រុង Bukavu របស់ក្រុមឧទ្ទាម M23 បានបិទសាខាខេត្តរបស់ធនាគារកណ្តាលកុងហ្គោ ហើយនិងធនាគារពាណិជ្ជទាំងអស់ ធ្វើឲ្យកើតមានវិបត្តិសន្ទនីយភាព ដែលធ្វើឲ្យគាំងដល់សេដ្ឋកិច្ចក្នុងស្រុក ។
ប្រជាពលរដ្ឋរាយការណ៍ពីផលវិបាកក្នុងការទទួលបានទំនិញចាំបាច់ និងសេវាកម្ម ក្នុងនោះអត្រាប្តូរប្រាក់មិនអំណោយផល បំផ្លាញអំណាចទិញរូបិយប័ណ្ណក្នុងស្រុក ។ ចំណែកឯភាពខ្វះខាតប្រាក់ដុល្លារអាមេរិក នាំឲ្យតម្លៃហក់ឡើងខ្ពស់ សម្រាប់វត្ថុចាំបាច់មូលដ្ឋាន ធ្វើឲ្យស្ថានភាពមនុស្សធម៌ធ្ងន់ធ្ងរស្រាប់ កាន់តែអាក្រក់ទៅ ។
ដោយឡែក សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយអ្នកប្តូរប្រាក់ និងអាជីវករក្នុងផ្សារ រាយការណ៍ពីការធ្លាក់ចុះច្រើនក្នុងធុរកិច្ច ។
វិបត្តិមួយនេះដែរ បានធ្វើឲ្យអាក់ខានផងដែរដល់លំហូរពាណិជ្ជកម្មពីប្រទេសជិតខាង រួមចំណែកធ្វើឲ្យអស្ថិរភាពសេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូល ។
ក្រុមអ្នកជំនាញហិរញ្ញវត្ថុ បានធ្វើការព្រមានថា ផលវិបាកដ៏មានសក្តានុពលរយៈពេលយូរ រួមទាំងហានិភ័យនៃការក្ស័យធន់សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្សេងទៀត បើសិនជាស្ថានភាពនៅតែបន្តកើតមាននោះ ៕