សេចក្តីរាយការណ៍ព័ត៌មាន បានឲ្យដឹងនៅថ្ងៃពុធនេះថា ប្រមុខទីភ្នាក់ងារចារកម្មអាមេរិក និងរុស្ស៊ី បាននិយាយគ្នាតាមទូរស័ព្ទ និងយល់ព្រមរក្សាទំនាក់ទំនងជាប្រចាំ ដើម្បីបន្ថយភាពតានតឹង ក្នុងទំនាក់ទំនងអាមេរិក និងរុស្ស៊ី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS បាននិយាយថា នៅក្នុងការទំនាក់ទំនងជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ ប្រធាន CIA លោក John Ratcliffe និងប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ខាងក្រៅរបស់រុស្ស៊ី SVR លោក Sergei Naryshkin បាននិយាយគ្នាតាមទូរស័ព្ទ កាលពីថ្ងៃអង្គារ។
ពួកគេ «បានយល់ព្រមលើទំនាក់ទំនងជាទៀងទាត់» រវាងទីភ្នាក់ងាររបស់ពួកគេ «ដើម្បីរួមចំណែកដល់ស្ថិរភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាការបន្ថយនូវការប្រឈមមុខដាក់គ្នា ក្នុងទំនាក់ទំនងរវាងទីក្រុងម៉ូស្គូ និងវ៉ាស៊ីនតោន» ។
ការសន្ទនាគ្នាតាមទូរស័ព្ទនេះ គឺជាទំនាក់ទំនងលើកដំបូង ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ( Donald Trump) ចូលកាន់តំណែង ដោយប្តេជ្ញាបញ្ចប់ជម្លោះអ៊ុយក្រែនរយៈពេល ៣ឆ្នាំ។
ការទំនាក់ទំនងនេះ បានកើតឡើង នៅថ្ងៃជាមួយគ្នា ដែលអ៊ុយក្រែនបានគាំទ្រសំណើរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ថ្ងៃ ហើយបានយល់ព្រមធ្វើការចរចាជាបន្ទាន់ ជាមួយរុស្ស៊ី ក្នុងការចរចារដ៏លំបាក នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។