មន្ត្រីបាននិយាយថា កងកម្លាំងសន្តិសុខប៉ាគីស្ថាន នៅថ្ងៃពុធនេះ បានបាញ់តគ្នា ជាមួយក្រុមសកម្មប្រយុទ្ធបំបែកខ្លួនរាប់រយនាក់ ខណៈដែលពួកគេ បានស្វែងរកដោះលែងចំណាប់ខ្មាំងប្រហែល ៣០០ នាក់ នៅលើរថភ្លើងមួយគ្រឿង នៅភាគនិរតីរបស់ប្រទេសនេះ។
កងកម្លាំងសន្តិសុខ កំពុងមានការប្រុងប្រយ័ត្ន ខណៈដែលក្រុមមន្ត្រី បាននិយាយថា ចំណាប់ខ្មាំង ត្រូវបានឡោមព័ទ្ធដោយក្រុមសកម្មប្រយុទ្ធពាក់អាវកាក់ដែលផ្ទុកដោយគ្រឿងផ្ទុះ។ អ្នកនាំពាក្យរដ្ឋាភិបាលលោក Shahid Rind បាននិយាយថា កងកម្លាំងប៉ាគីស្ថាន កំពុងត្រូវបានគាំទ្រដោយឧទ្ធម្ភាគចក្រ នៅក្នុងតំបន់ដាច់ស្រយាល ហើយបានពណ៌នាការវាយប្រហារនេះថា ជា «អំពើភេរវកម្ម»។
យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធ ២៧នាក់ ត្រូវបានសម្លាប់ ហើយកងកម្លាំងសន្តិសុខ បានជួយសង្គ្រោះមនុស្សជាង ១៥០នាក់ ក្នុងចំណោមមនុស្ស ៤៥០នាក់ ដែលនៅលើរថភ្លើង នៅពេលដែលវាត្រូវបានប្លន់ កាលពីថ្ងៃអង្គារ នៅពេលដែលវាបានចូលទៅក្នុងផ្លូវរូងក្រោមដីមួយ ក្នុងទីក្រុង Bolan ដែលជាស្រុកមួយ នៅក្នុងខេត្ត Balochistan ។ នេះ គឺជាលើកទី១ ហើយដែលក្រុមសកម្មប្រយុទ្ធ បានការវាយប្រហារបែបនេះ។
ក្រុមកងទ័ពរំដោះ Baloch បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ដោយនិយាយថា ខ្លួនបើកចំហសម្រាប់ការចរចា ដើម្បីដោះដូរអ្នកទោស។ រហូតមកដល់ពេលនេះ ពុំទាន់មានការឆ្លើយតបពីរដ្ឋាភិបាលចំពោះសំណើពីក្រុមបះបោរនោះទេ។