ប្រទេសថៃបានបណ្តេញមន្ត្រីម្នាក់ ដែលស្ថិតក្នុងចំណោមមន្ត្រីនគរបាលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុតរបស់ប្រទេស ជុំវិញបើតាមការចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹងការលេងល្បែងស៊ីសងខុសច្បាប់ និងការក្លែងបន្លំហិរញ្ញវត្ថុ។
នគរបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Surachat Hakparn ដែលមានតួនាទីជាអគ្គស្នងការរងនគរបាលនៃព្រះរាជាណាចក្រថៃ ត្រូវបានបញ្ចប់តួនាទីជាផ្លូវការ កាលពីថ្ងៃអង្គារ (ទី១១ ខែមីនា)។
លោក Surachate ដែលត្រូវបានគេស្គាល់ដោយទូទៅតាមរយៈឈ្មោះហៅក្រៅរបស់លោក «Big Joke» ត្រូវបានចាប់ខ្លួន អំឡុងការវាយឆ្មក់ជាបន្តបន្ទាប់ ក្នុងឆ្នាំ២០២៣ ដែលផ្តោតលើបណ្តាញល្បែងអនឡាញខុសច្បាប់មានឈ្មោះថា «Betflix»។
រូបលោកត្រូវបានចោទប្រកាន់ពីបទសម្អាតលុយកខ្វក់ដែលលោកបានបដិសេធ ហើយត្រូវព្យួរតំណែង ខណៈដែលការស៊ើបអង្កេត កំពុងដំណើរការ។
កាលពីថ្ងៃទី១១ ខែមីនា នគរបាលថៃបានប្រាប់ថា ការដកលោក Surachate ពីតំណែងនេះ គឺស្របតាម «នីតិវិធីវិន័យ សម្រាប់មន្រ្តីដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត»។
គួរបញ្ជាក់ថា ទម្រង់នៃល្បែងភ្នាល់ភាគច្រើន គឺខុសច្បាប់ នៅប្រទេសថៃ ដោយអាជ្ញាធរបានខិតខំបិទកន្លែង និងគេហទំព័រល្បែងស៊ីសងខុសច្បាប់ ដែលជារឿយៗជាកម្មសិទ្ធិរបស់បរទេស៕