រដ្ឋមន្ត្រីកិច្ចការអឺរ៉ុបរបស់ប្រទេសបារាំង លោក Benjamin Haddad នៅថ្ងៃពុធ (ទី១២ ខែមីនា) នេះ បាននិយាយថា សហភាពអឺរ៉ុប (EU) អាចចាត់វិធានការខ្លាំងក្លាបន្ថែមទៀត ក្នុងការឆ្លើយតប ចំពោះការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ទោះបីជាសង្គ្រាមពាណិជ្ជកម្ម មិនផ្ដលផលប្រយោជន៍ដល់នរណាម្នាក់ក៏ដោយ។
ការដំឡើងពន្ធរបស់ប្រធានាធិបតី លោក Donald Trump លើការនាំចូលដែកថែប និងអាលុយមីញ៉ូមទៅសហរដ្ឋអាមេរិកទាំងអស់ បានចូលជាធរមាន នៅថ្ងៃទី១២ ខែមីនានេះ ដោយបានបង្កើនយុទ្ធនាការមួយ ដើម្បីបង្កើតនូវបទដ្ឋានពាណិជ្ជកម្មជាសកលគាំទ្រសហរដ្ឋអាមេរិក ដែលនាំឲ្យមានការសងសឹកយ៉ាងឆាប់រហ័សពីអឺរ៉ុប។
ជាការឆ្លើយតប គណៈកម្មការអឺរ៉ុប បានប្រាប់ថា ខ្លួននឹងដាក់ពន្ធតបតវិញលើទំនិញអាមេរិកដែលមានតម្លៃ ២៦ពាន់លានអឺរ៉ូ (២៨លានដុល្លារ) ចាប់ពីខែមេសាតទៅ។ គណៈកម្មការបានបញ្ជាក់ថា ខ្លួននឹងបញ្ចប់ការផ្អាកបច្ចុប្បន្ន ចំពោះពន្ធលើផលិតផលអាមេរិក នៅថ្ងៃទី១ ខែមេសា ហើយក៏នឹងដាក់ចេញផងដែរនូវកញ្ចប់ថ្មីនៃវិធានការតបតលើទំនិញអាមេរិក នៅពាក់កណ្តាលខែមេសា។
លោក Haddad បានប្រាប់ទូរទស្សន៍ TF1 ថា៖ «យើងមានមធ្យោបាយ ដើម្បីចាត់វិធានការខ្លាំងក្លាជាងនេះបន្ថែមទៀត ប្រសិនបើយើងចង់»។ លោកបានបន្ថែមថា៖ «ឧទាហរណ៍ ប្រសិនបើវាមកឈានដល់ស្ថានភាពមួយដែលយើងត្រូវចាត់វិធានការខ្លាំងក្លាបន្ថែមទៀត សេវាកម្មឌីជីថល ឬកម្មសិទ្ធិបញ្ញា អាចត្រូវបានរួមបញ្ចូលផងដែរ»៕