អាជ្ញាធរចរាចរណ៍ផ្លូវអាកាសរបស់កូរ៉េខាងត្បូង នឹងហាមមិនឲ្យបង្ហោះយានដ្រូន នៅជុំវិញតុលាការធម្មនុញ្ញ ក្នុងទីក្រុងសេអ៊ូល ពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែមីនា) នៅមុនការសម្រេច ពាក់ព័ន្ធនឹងការចោទប្រកាន់ទម្លាក់តំណែងលើប្រធានាធិបតី លោក Yoon Suk Yeol។
វិធានការនេះ នឹងចូលជាធរមានចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃពុធសប្តាហ៍ក្រោយ។ នេះបើយោងតាមការជូនដំណឹងដល់អាកាសយានិក ដែលត្រូវបានចេញផ្សាយនៅលើប្រព័ន្ធព័ត៌មានអាកាសចរណ៍របស់ក្រសួងដឹកជញ្ជូន នៅថ្ងៃពុធ (ទី១២ ខែមីនា) នេះ។
តុលាការត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងសម្រេច ជុំវិញការចោទប្រកាន់ទម្លាក់តំណែងលើលោក Yoon នៅប៉ុន្មានថ្ងៃខាងមុខនេះ ទោះបីជាស្ថាប័ននេះមិនទាន់បានប្រកាសកាលបរិច្ឆេទក៏ដោយ។
នៅមុននេះ នគរបាលបានប្រកាសឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានស្នើសុំឲ្យក្រសួងរៀបចំការហាមឃាត់បណ្តោះអាសន្នមិនឲ្យមានយានដ្រូនហោះនៅជុំវិញតុលាការ និងតំបន់ជាប់គ្នា ដែលលាតសន្ធឹងចម្ងាយ ១,៨៥គីឡូម៉ែត្រ រហូតដល់ចុងខែនេះ។
ហើយជាមួយគ្នានេះ នគរបាលត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់ពង្រាយក្នុងចំនួនដ៏ច្រើន ហើយស្ថានីយ៍រថភ្លើងក្រោមដី និងសាលារៀនក្បែរនោះ នឹងត្រូវបិទនៅថ្ងៃចេញសេចក្តីសម្រេចនោះ ដែលនឹងកំណត់អនាគតនយោបាយរបស់លោក Yoon បន្ទាប់ពីលោកបានដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លី កាលពីថ្ងៃទី៣ ខែធ្នូឆ្នាំមុន៕