ស្របពេលដែលពលរដ្ឋយេម៉ែនរៀបចំពិធីបុណ្យ Ramadan ការបែងចែកសេដ្ឋកិច្ចនៅក្នុងប្រទេសមួយនេះ ជះស្រមោលរយៈពេលយូរដល់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។
ការបែងចែករវាងដែនដីគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី នៅភាគខាងជើង និងតំបន់គ្រប់គ្រងដោយរដ្ឋាភិបាលនៅភាគខាងត្បូង បានបង្កើតប្រព័ន្ធរូបិយប័ណ្ណ ២ផ្សេងគ្នា ដែលអ្នកស្រុកនិយាយថា វាបានបង្កើនភាពក្រីក្រ និងធ្វើឲ្យការលំបាកកាន់តែអាក្រក់ខ្លាំងនៅក្នុងវិបត្តិមនុស្សធម៌ធ្ងន់ធ្ងររួចទៅហើយ ។
ការបែងចែកសេដ្ឋកិច្ចនាំឲ្យមានភាពខុសគ្នាធ្ងន់ធ្ងរនៅក្នុងអត្រាប្តូរប្រាក់ ការទិញទំនិញ និងការទទួលបានទំនិញមូលដ្ឋាន ។
សម្រាប់ប្រជាជនយេម៉ែនភាគច្រើន បញ្ហាទាំងអស់នេះ បានធ្វើឲ្យមានការឈឺចាប់ជាពិសេសអំឡុងពិធីបុណ្យ Ramadan ពេលដែលការធ្វើទានតាមប្រពៃណី និងទទួលទានអាហាររួមគ្នា ប៉ះជាមួយនឹងតម្លៃខ្ពស់កប់ពពក ហើយប្រាក់ចំណូលរកបានទាប ។
សម្រាប់អ្នកស្រុកដូចជាលោក Abu-Bakr al-Sayyed រស់នៅក្នុងទីក្រុង Aden ផលប៉ះពាល់សេដ្ឋកិច្ចពិតជាអាក្រក់ខ្លាំងណាស់ ។ លោកនិយាយថា ការទិញទំនញផ្ទាល់ខ្លួនលើកមុនប្រហែល ៦០-៧០ភាគរយ បានបាត់បង់ ។ ឥឡូវលោកទិញទំនិញ បានត្រឹមតែ ៤០ ឬ ៣០ភាគរយប៉ុណ្ណោះ
ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីឆ្នាំ ២០១៤ សេដ្ឋកិច្ចយេម៉ែន បានបែកបាក់អស់ទៅហើយនៅតាមខ្សែបន្ទាត់នយោបាយ ។ នៅខែមករា ឆ្នាំ ២០២០ ក្រុមឧទ្ទាមហ៊ូធី ដែលគ្រប់គ្រងទីក្រុង Sanaa ប្រកាសថាខុសច្បាប់ក្រដាសប្រាក់ដែលប្រើប្រាស់ដោយគូប្រជែងរបស់ខ្លួននៅក្នុងរដ្ឋាភិបាលទទួលស្គាល់ដោយអន្តរជាតិ ស្ថិតនៅទីក្រុងកំពង់ផែភាគខាងត្បូង Aden ៕