រដ្ឋអាជ្ញាបូស្នី នៅថ្ងៃពុធ (ទី១២ ខែមីនា) នេះ បានបញ្ជាឲ្យចាប់ខ្លួនមេដឹកនាំបូស្នីដើមកំណើតស៊ែប៊ីដែលគាំទ្រដោយរុស្ស៊ី គឺលោក Milorad Dodik និងជំនួយការរបស់លោក ពាក់ព័ន្ធនឹងការមិនអនុវត្តតាមដីកាកោះហៅរបស់តុលាការ ដោយការសម្រេចនេះបានបង្កើនហានិភ័យឲ្យមានការប្រឈមមុខដាក់គ្នា ដែលគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេសបាល់កង់មួយនេះ។
គួរបញ្ជាក់ថា ការិយាល័យរដ្ឋអាជ្ញា កំពុងស៊ើបអង្កេតលើលោក Dodik ដែលជាប្រធានាធិបតីផ្តាច់ខ្លួននៃសាធារណរដ្ឋស៊ែប៊ីស្វយ័តរបស់ប្រទេសបូស្នី ជាអ្វីដែលស្ថាប័នហៅថា ជាការវាយប្រហារលើបទបញ្ជារបស់រដ្ឋធម្មនុញ្ញ បន្ទាប់ពីលោកបានចាប់ផ្តើមអនុម័តច្បាប់ដែលរារាំងដល់ប្រព័ន្ធតុលាការ និងនគរបាលរដ្ឋមិនឲ្យមាននៅក្នុងតំបន់។
អ្នកនាំពាក្យមកពីទីភ្នាក់ងារស៊ើបអង្កេត និងការពាររបស់រដ្ឋ លោកស្រី Jelena Miovcic បាននិយាយថា៖ «យើងបានទទួលសំណើពីនគរបាលតុលាការរបស់ប្រទេសបូស្នី និងហឺហ្សេហ្គោវីណា ដើម្បីឲ្យជួយពួកគេ»។
លោក Dodik បានផ្តួចផ្តើមឲ្យច្បាប់ហាមឃាត់លើប្រព័ន្ធតុលាការ និងនគរបាលរបស់រដ្ឋ បន្ទាប់ពីរូបលោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១ឆ្នាំ ពីបទប្រឆាំងនឹងសេចក្តីសម្រេចរបស់បេសកជនសន្តិភាពអន្តរជាតិ។ លោកមានរយៈពេល ២សប្តាហ៍ ដើម្បីប្តឹងឧទ្ធរណ៍ជំទាស់នឹងកាត់ទោសនោះ។
គេនៅមិនទាន់ច្បាស់ទេថា តើចំណាត់ការនេះ គឺដើម្បីឃុំខ្លួនលោក Dodik ឬក៏នាំខ្លួនលោកឲ្យទៅឆ្លើយបំភ្លឺតាមដីកាកោះហៅ ឬយ៉ាងណា៕