អតីតនាយករដ្ឋមន្ត្រីរ៉ូម៉ានី លោក Victor Ponta នៅថ្ងៃពុធ (ទី១២ ខែមីនា) បានសម្រេចចូលរួមប្រកួតប្រជែង នៅក្នុងការបោះឆ្នោតឡើងវិញជ្រើសរើសប្រធានាធិបតី នាខែឧសភា ដោយធ្វើឲ្យការប្រកួតកាន់តែបើកទូលាយ បន្ទាប់ពីបេក្ខជនស្តាំនិយមជ្រុលគាំទ្ររុស្ស៊ី លោក Calin Georgescu ត្រូវបានរារាំងមិនឲ្យឈរឈ្មោះ។
គួរបញ្ជាក់ថា ប្រទេសរូម៉ានី គ្រោងនឹងធ្វើការបោះឆ្នោតប្រធានាធិបតី ២ជុំរបស់ខ្លួនឡើងវិញ នៅថ្ងៃទី៤ និងទី១៨ ខែឧសភា បន្ទាប់ពីតុលាការធម្មនុញ្ញបានលុបចោលលទ្ធផលនៃការបោះឆ្នោតដំបូង ក្នុងខែធ្នូឆ្នាំមុន ក្រោយមានការចោទប្រកាន់ ដែលថា រុស្ស៊ីបានជ្រៀតជ្រែកជួយលោក Georgescu ជាការចោទប្រកាន់ត្រូវបានបដិសេធដោយទីក្រុងមូស្គូ និងលោក Georgescu។
ដោយប្រឹងប្រែងប្រជែងតំណែងបេក្ខជនរបស់ក្រុមប្រកាន់ស្ដាំយ៉ាងតឹងរ៉ឹងទាំងប្រញាប់ប្រញាល់ឲ្យបានមុនថ្ងៃផុតកំណត់ នាថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដើម្បីជំនួសលោក Georgescu ដែលបាន និងកំពុងនាំមុខក្នុងការស្ទង់មតិនោះ លោក Ponta អតីតមេដឹកនាំគណបក្សសង្គមប្រជាធិបតេយ្យដែលបានទៅចូលរួមខាងក្រុមស្តាំនិយម កាលពីឆ្នាំមុន អាចទាក់ទាញបានសំឡេងឆ្នោតពីអ្នកនយោបាយនិន្នាការផ្សេងគ្នារបស់ប្រទេសរូម៉ានី។
អ្នកវិភាគបានលើកឡើងថា លោក Ponta អាចទាក់ទាញអ្នកបោះឆ្នោតគាំទ្រលោក Georgescu មួយចំនួនពីអ្នកដែលត្រូវបានតែងតាំងជាបេក្ខជនដោយបណ្ដាគណបក្សប្រកាន់ស្តាំយ៉ាងតឹងរ៉ឹង ដោយផ្តល់ឱកាសឲ្យរូបលោក ក្នុងការបានធ្វើដំណើរទៅជុំទី២ ជាពេលដែលលោកអាចប្រឈមជាមួយលោក Nicusor Dan អភិបាលក្រុង Bucharest របស់ក្រុមកណ្ដាលនិយម ដែលបានបង្ហាញមុខជាគូប្រជែងដ៏សំខាន់របស់លោក Georgescu នៅក្នុងការស្ទង់មតិមួយចំនួន។
លោក Ponta ដែលបានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី ក្នុងខែវិច្ឆិកា ឆ្នាំ២០១៥ បន្ទាប់ពីមានអគ្គិភ័យបណ្ដាលឲ្យមានអ្នកស្លាប់ នៅក្លឹបរាត្រី បាននិយាយថា រូបលោកបានប្រមូលបានហត្ថលេខាដែលត្រូវការចំនួន ២០០.០០០នាក់ ដើម្បីគាំទ្របេក្ខភាពរបស់លោក៕